(ភ្នំពេញ)៖ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំដល់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ចុះបិទរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧-២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូរីដ-១៩។

ក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន និងត្រូវចាត់តាំងក្រុមការងារ ដើម្បីតាមដានត្រួតពិនិត្យកិច្ចការនេះឲ្យបានហ្មត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ណាមួយនៅតាមរមណីយដ្ឋានទេសចរណ៍
គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាត។

សូមជម្រាបថា នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ៕