(កំពង់ចាម)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បាននាំយក Tablet ចំនួន ១៤០គ្រឿង ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ដល់ជូនមន្ត្រីសុខាភិបាលចំនួន៤ខេត្ត សម្រាប់សម្រួលក្នុងការងារចុះបញ្ជីឈ្មោះ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងនោះខេត្តកំពង់ចាមទទួលបាន ៨០គ្រឿង, ខេត្តត្បូងឃ្មុំទទួលបាន ២៦គ្រឿង, ខេត្តក្រចេះ ២៤គ្រឿង និងខេត្តមណ្ឌលគិរីទទួលបាន ១០គ្រឿង។

ពិធីប្រគល់ទទួលនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដែលមានវត្តមានលោកស្រី ឱ វណ្ណឌីន និងលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី២នេះ មន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំងសរុប ចំនួន ៤៩.៨៧៦ដូស សម្រាប់ចាក់ជូន ២៤.៩៣៨នាក់។

លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ យុទ្ធនាការលើកទី២ ចាក់វ៉ាក់សាំងជុំទី១ បានចំនួន ១៨.១៨៣ នាក់ ស្មើរនិង៧០%ហើយ នៅសល់៣០% ទៀតកំពុងបន្តចាក់ នៅតាមទីកន្លែងទទួលចាក់វ៉ាក់សាំងចំនួន ២៩ទីតាំង ទូទាំងខេត្តកំពង់ចាម។

ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈគំនិតផ្ដួចផ្ដើមរបស់លោកស្រី ឱ វណ្ណឌីន ផ្ដល់ជាយោបល់ដល់ប្រមុខរដ្ឋាភិបាល។

ម្យ៉ាងទៀតសម្ភារទាំងនេះ គឺជាឧបករណ៍ដ៏មានសារសំខាន់ សម្រាប់ប្រើប្រាស់ក្នុងការងាររបស់ក្រុមគ្រូពេទ្យ ដែលកំពុងបំរើការងារយ៉ាងមោះមុត នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋនាពេលនេះ។

លោកស្រី ឱ វណ្ណឌីន បានបន្តថា ក្នុងនាមក្រសួងសុខាភិបាល លោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីរាជការ បុគ្គលិកវិស័យសុខាភិបាលជួរមុខនៅទូទាំងប្រទេស ដែលបច្ចុប្បន្នកំពុងតែមមាញឹកនៅក្នុងការ ប្រយុទ្ធប្រឆាំងជំងឺមួយនឹងការរាតត្បាតនៅជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះដែរ លោកស្រីក៏បានសម្ដែងការអរគុណដល់ លោក-លោកស្រី ដែលជាអភិបាល នៅគណៈអភិបាល រាជធានី-ខេត្ត ទាំង២៥ ដែលបានខិតខំទាំងថ្ងៃទាំងយប់ រួមគ្នាដើម្បីចាត់ចែងដោះស្រាយ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទៅតាមដែនសមត្ថកិច្ចរៀងរាងខ្លួន បានយ៉ាងល្អប្រសើរ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ផងដែរថា ទន្ទឹមនឹងការខិតខំខាងលើនេះ អ្វីដែលសំខាន់ទៀតនោះគឺការចាក់វ៉ាក់សាំង ព្រោះវាជាឧបករណ៍មួយអាចជួយយើងបន្ថែមទៀត ធ្វើឲ្យសរីរាង្គរបស់យើងមានកងការពារគ្រប់គ្រាន់ សម្រាប់វាយបកទៅវិញនៅពេលដែលជំងឺកូវីដ-១៩ ចូលមកយាយី លើសារីរាង្គរបស់យើង នឹងមិនធ្វើឲ្យសារីរាង្គរបស់យើងមានជំងឺធ្ងន់ធ្ងរ កាត់បន្ថយបានការចូលទៅមន្ទីរពេទ្យ នឹងកាត់បន្ថយបានអត្រាស្លាប់ដោយសារជំងឺកូវីដ១៩ នេះ៕