(ព្រះវិហារ)៖ លោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលនៅព្រំប្រទល់ក្នុងខេត្តព្រះវិហារ (ស្រុករវៀង) ជាប់ខេត្តកំពង់ធំ (ស្រុកប្រាសាទបាល័ង្គ) ក្នុងគោលបំណងពង្រឹងការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។

ក្នុងនាមអភិបាលខេត្តព្រះវិហារ, លោក គោ ស៊ុប៊ុនសឿត បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។

លោកក៏បានណែនាំដល់កងកម្លាំងគ្រប់គោលដៅ ត្រូវខិតខំអនុវត្តវិធានការអប់រំ ណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់នូវគោលបំណង នៃបទបញ្ជាដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលរងខេត្តព្រះវិហារ ក៏បានផ្តល់ជូនដល់អជ្ញាធរស្រុករវៀង និងកងកម្លាំងដែលឈរជើងនៅព្រំប្រទល់ រវាងខេត្តព្រះវិហារនិងខេត្តកំពង់ធំ រួមមាន៖ ទឹកបរិសុទ្ធ១០កេស មី៥កេសតូច, អាល់កុល១០លីត្រ ម៉ាស់១០ដុំ និងថវិកា៥០ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា គោលដៅដែលអាជ្ញាធរខេត្តព្រះវិហារ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ រួមមាន៖

*ទី១៖ ស្រុករវៀង គោលដៅ ព្រំប្រទល់ជាមួយខេត្តកំពង់ធំ
*ទី២៖ ស្រុកឆែប គោលដៅ ព្រំប្រទល់ជាមួយខេត្តស្ទឹងត្រែង
*ទី៣៖ ស្រុកគូលែន គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀមរាប
*ទី៤៖ ស្រុកជាំក្សាន្ត គោលដៅ ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យ៕