(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ លោក ជ្រុន ថេរ៉ាវ៉ាត់ សមាជិកគណ:កម្មាធិការកណ្តាល, សមាជិកអចិន្រ្តៃយ៍យុវជនថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថានប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល និងក្រុមការងារបានចូលរួមឧបត្ថម្ភថវិកាចំនួន ១០, ២៤៩,០០ដុល្លារ ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិ និងប្រជាជន។

ការចូលរួមនេះគឺជាទឹកចិត្តសប្បុរសធម៌ជួយគ្នានៅក្នុងគ្រា ដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវន សម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មានសប្បុរសជនជាច្រើន បានចូលរួឧបត្ថម្ភថវិកា សម្ភារជូនដល់សមាគម TYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិ និងប្រជាជន។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារ និងសម្ភារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ (TYDA) ដែលបានចូលរួមប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕