(ភ្នំពេញ)៖ អង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចេញសេចក្តីពិចារណាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត ក្នុងសំណុំរឿង០០៣។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានចេញដីកាដំណោះស្រាយ (ដីកាបញ្ជូនរឿងទៅជំនុំជម្រះ) ដោយបញ្ជូន មាស មុត ទៅជំនុំជម្រះដោយឡែក នៅក្នុងថ្ងៃតែមួយនេះដែរ សហចៅក្រមស៊ើបអង្កេតជាតិ បានចេញដីកាសម្រេចលើកលែងចោទប្រកាន់ប្រឆាំង មាស មុត (ដីកា សម្រេចលើកលែងចោទប្រកាន់)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលទទួលបាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។

ផ្នែកសម្រេចសេចក្តីរួមដែលសម្រេចជាឯកច្ឆន្ទដោយអង្គបុរេជំនុំជម្រះបន្ទាប់ពីពិនិត្យមើលលើសំណុំរឿងរួចមកអង្គបុរេ ជំនុំជម្រះបានសម្រេចថាបណ្តឹងឧទ្ធរណ៍ របស់សហព្រះរាជអាជ្ញាជាតិ និងសហព្រះរាជអាជ្ញាអន្តរជាតិ អាចទទួលយកបាន (កថាខណ្ឌ៥១ និង៥៣ នៃសេចក្តីពិចារណា) ចំណែកបណ្តឹងឧទ្ធរណ៍របស់សហមេធាវីការពារក្តី មាស មុត ត្រូវបានប្រកាសថាមិនអាចទទួលយកបានអនុលោមតាមវិធាន៧៤ (៣)(ក) និង២១ នៃវិធានផ្ទៃក្នុង (កថាខណ្ឌ ៧៤ និង៧៧)។

ជាបញ្ហាបឋមអង្គបុរេ ជំនុំជម្រះបានពិចារណាថា ការចេញព្រមគ្នានូវដីកាដំណោះស្រាយពីរ ដែលផ្ទុយគ្នារបស់សហចៅក្រមស៊ើបអង្កេត គឺជាការខុសច្បាប់ដោយរំលោភបំពានទៅលើក្របខណ្ឌគតិយុត្តិរបស់ អ.វ.ត.ក (កថាខណ្ឌ ៧៨-១០៩)។ អនុលោម តាមវិធាន៧៧ (១៣) នៃវិធានផ្ទៃក្នុងសេចក្តីសម្រេចបច្ចុប្បន្នបិទផ្លូវតវ៉ា។

*មតិរបស់ចៅក្រមជាតិ ផ្នែកតាមការប្រកាសជាឯកច្ឆន្ទរបស់អង្គបុរេជំនុំជម្រះអំពីអនីត្យានុកូលភាព ពាក់ព័ន្ធការចេញដីកាដំណោះស្រាយពីរ ដែលផ្ទុយគ្នា និងការណ៍ពិតដែលថាសហចៅក្រមស៊ើបអង្កេត មិនបានបញ្ជូនការខ្វែងយោបល់គ្នាក្នុងសំណុំរឿងបច្ចុប្បន្ន ទៅអង្គបុរេជំនុំជម្រះចៅក្រមជាតិបានពិចារណាថាដីកា ដំណោះស្រាយទាំងពីររបស់សហចៅក្រមស៊ើបអង្កេតមានតម្លៃស្មើគ្នា ត្រូវតម្កល់ទុកជាបានការដូចគ្នាមានសុពលភាពដូចគ្នា (កថាខណ្ឌ ១១១-១១៥)។

បន្ថែមលើនេះចៅក្រមជាតិនៃអង្គបុរេជំនុំជម្រះបានពិចារណាថាសហចៅក្រមស៊ើបអង្កេតទាំងពីរ មានឋានៈស្មើគ្នា និងបើតាមគោលការណ៍សច្ចធារណ៍ នៃនិរទោសមិនមានការអនុញ្ញាតឲ្យអង្គបុរេជំនុំជម្រះសម្រេចថាកិច្ចរបស់សហចៅក្រមស៊ើបអង្កេតមួយរូបណាមានឧត្តមភាពនោះទេ។ ហេតុដូច្នេះ ចៅក្រមជាតិយល់ឃើញថាដីកាដំណោះស្រាយទាំងពីរ នៅតែមានតម្លៃស្មើគ្នា ហើយសំណុំរឿង០០៣ ប្រឆាំង មាស មុត គួររក្សាទុកនៅក្នុងបណ្ណាសាររបស់ អ.វ.ត.ក (កថាខណ្ឌ ១១៦-១១៨)។

*មតិរបស់ចៅក្រមអន្តរជាតិពាក់ព័ន្ធបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិ ចៅក្រមអន្តរជាតិនៃអង្គបុរេជំនុំជម្រះបានសម្រេចតម្កល់មូលដ្ឋានបណ្តឹងឧទ្ធរណ៍ចំនួនពីរ ទាក់ទងនឹងកំហុសអង្គច្បាប់របស់សហចៅក្រមស៊ើបអង្កេតជាតិ ដែលមិនបានពិចារណា ដោយចេតនានូវភស្តុតាងដែលបានដាក់ក្នុងសំណុំរឿង នៅក្រោយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១ (កថាខណ្ឌ ២២៧-២៤៤) និងមិនបានសម្រេចទៅលើអង្គហេតុទាំងអស់នៅក្នុងបណ្តឹងដែលខ្លួនបានទទួល (កថាខណ្ឌ ២៤៥-២៤៨)។

ចៅក្រមអន្តរជាតិយល់ឃើញថាជាលទ្ធផលដីកាសម្រេចលើកលែងចោទប្រកាន់ត្រូវទុកជាមោឃៈ ដោយសារតែជាឯកសារនីតិវិធីដែលមិនពេញលេញ (កថាខណ្ឌ២៤៩-២៥០) និងបានប្រកាសថា មូលដ្ឋានបណ្តឹងឧទ្ធរណ៍ដែលនៅសល់របស់សហព្រះរាជអាជ្ញាអន្តរជាតិ ក្លាយជាអសារឥតការ (កថាខណ្ឌ២៥១-២៥២)។

ពាក់ព័ន្ធនឹងសុពលភាពនៃដីកាដំណោះស្រាយចៅក្រមអន្តរជាតិ បានបញ្ជាក់បំភ្លឺថាក្នុងករណីមានការមិនចុះសម្រុងគ្នាដែលមិនអាចដោះស្រាយបានរវាងសហចៅក្រមស៊ើបអង្កេតលើបញ្ហាថាតើត្រូវ ចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះ ឬដីកាសម្រេចលើកលែងចោទប្រកាន់អធិបញ្ជាដែលមាននៅក្នុងក្របខណ្ឌគតិយុត្តិរបស់ អ.វ.ត.ក តាមរយៈគោលការណ៍បន្តការចោទប្រកាន់បង្ហាញតម្រូវថាដីកាបញ្ជូនរឿងទៅជំនុំជម្រះត្រូវចេញតាមការស្នើឡើង (កថាខណ្ឌ២៥៧ និង២៦១)។

ហេតុដូច្នេះដីកាសម្រេចលើកលែងចោទប្រកាន់ក្រៅពីមោឃៈលើអង្គសេចក្តី ហើយនោះថែមទាំងបង្កើតជាការព្យាយាមលប់បំបាត់គោលជំហរជាក់ស្តែងនេះដែល ដូច្នេះហើយបានចេញដោយហួសពីសិទ្ធិអំណាច (កថាខណ្ឌ ២៦២ និង ២៨៤) ចំណែកឯដីកាបញ្ជូន រឿងទៅជំនុំជម្រះនៅតែមានសុពលភាពជាចម្បង និងអនុលោមទៅតាមក្របខណ្ឌគតិយុត្តិជាធរមាន (កថាខណ្ឌ ២៦២ និង ២៨៤)។

បន្ទាប់ពីបានអះអាងថា មាស មុត ស្ថិតក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មនានា ដែលបានប្រព្រឹត្តដោយពួកខ្មែរក្រហម (កថាខណ្ឌ ៣៤០) ចៅក្រមអន្តរជាតិ បានសន្និដ្ឋានថាអនុលោមតាមវិធាន៧៧ (១៣) នៃវិធានផ្ទៃក្នុងអង្គជំនុំជម្រះសាលាដំបូងត្រូវទទួលយកដីកាបញ្ជូនរឿងទៅជំនុំជម្រះរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ (កថាខណ្ឌ ៣៤២ -៣៤៣)៕