(កណ្ដាល)៖ ដោយសារបញ្ហាកូវីដ១៩ វាយលុកខ្លាំងក្នុងខេត្តកណ្ដាល ដែលបណ្ដាលឱ្យព្រះសង្ឃគង់នៅវត្តមួយចំនួន បានជួបប្រទះបញ្ហាកង្វះខាតចង្ហាន់ ទើបលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាននាំយកទេយ្យទានប្រគេនជូនដល់សាលាអនុគណក្រុង-ស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល។

ការប្រគល់ទេយ្យទាននេះបានធ្វើឡើងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីបណ្ដាអភិបាលរងខេត្ត, មេបញ្ជាការកងកំលាំងទាំង៣, មន្ទីរអង្គភាពជុំវិញខេត្ដ និងមន្ត្រីរាជការខេត្តកណ្ដាលផងដែរ។

ស្ថិតក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវពុទ្ធបរិស័ទទាំងអស់ ព្រមទាំងព្រះសង្ឃ មេត្តាប្រុងប្រយ័ត្នការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមវិធាន «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះមិនឱ្យឆ្លងតទៅទៀត។

គួរជម្រាបថាទេយ្យទានដែលរដ្ឋបាលប្រគល់ជូនដល់សាលាអនុគណក្រុង-ស្រុកទាំង១១ ក្នុងនោះក្នុងមួយសាលាអនុគណទទួលបាន៖ អង្ករចំនួន៣តោន, ត្រីងៀត៥គីឡូក្រាម, ត្រីខ១កេសធំ ស្មើនឹង១០យួរ, ទឹកសុទ្ធ៥កេស, ភេសជ្ជៈរេតអានចំនួន ៥កេស, ម៉ាស ១កេស, អាល់កុល១កាន ព្រមទាំងប្រគេននូវបច្ច័យ ៤០០,០០០រៀលផងដែរ៕