(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំស្នងការរង ព្រមទាំងសហការី នាំយកអំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ចុះជួបសំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំង និងចែកជូនដល់នគរបាលតាមវរសេនាតូចការពារព្រំដែនគោកទាំង៤ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។

អំណោយជាគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ ៨តោន មី៤០០កេសតូច ទឹកសុទ្ធ៤០០យួរ និងថវិកា ៤,០០០,០០០ រៀល ជូនដល់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ (៩១១, ៨០៧, ៨១៥, ៨៩១) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

កម្មវិធីនេះធ្វើនៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្តាំផ្ញើការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដល់កងកម្លាំងទាំងអស់ឱ្យថែរក្សាសុខភាពឱ្យបានល្អចៀសផុតពីកូវីដ១៩ និងគោរពអនុវត្តអនុសាសន៍ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី «៣ការពារ ៣កុំ» ដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួន ព្រមទាំងក្រុមគ្រួសារផងដែរ៕