(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ អាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សី ជាង៥០នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឫស្សី សូមបន្តធ្វើចត្តាឡីស័ក និងទៅយកសំណាកជាបន្ទាន់ថែមទៀត បើសិនអ្នកដែលមិនទាន់បានទៅយក។

ជាមួយនឹងការឆ្លងកើនឡើងយ៉ាងខ្លាំងបែបនេះ សាលារាជធានីភ្នំពេញ តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក ហើយសម្រាប់ក្រុមអាជីវករ សន្តិសុខ បុគ្គលិកបម្រើការងារនៅផ្សារ ព្រមទាំងគ្រួសាររបស់អាជីវករ សូមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដាច់ខាត កុំចេញទៅណាទាំងអស់ បើមិនទាន់គ្រប់១៤ថ្ងៃ ជាមួយលទ្ធផលតេស្តអវិជ្ជមាន។

ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់រាល់អាជីវករផ្សារអូរឫស្សី សូមចៀសឲ្យឆ្ងាយសិន កុំអាលជួបទាក់ទងដោយផ្ទាល់ និងនៅក្បែរ រហូតដល់ស្ថានភាពនៃការឆ្លងជំងឺនៅផ្សារមួយនេះ មានការថមថយវិញ ហើយការទទូចយ៉ាងដូច្នេះ មិនមែនអាជ្ញាធរ ឲ្យរើសអើងគ្នានោះឡើយ តែអាជ្ញាធរបានគិតគូពីបញ្ហាសុខភាពរបស់បងប្អូនជាសំខាន់។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតចាប់ពីការផ្ទុះឆ្លង នៃជំងឺកូវីដ១៩ នៅក្នុងផ្សារអូរឫស្សីមកនោះ គឺមានអាជីវករ សន្តិសុខ បុគ្គលិកបម្រើងការងារ និងគ្រួសាររបស់ពួកគេសរុបជាង១០០នាក់ហើយ ដែលបានរកឃើញវិជ្ជមានកូវីដ១៩។

សូមបញ្ជាក់ថា ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានអំពាវនាវដល់បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារ ទៅយកសំណាកនៅវិទ្យាល័យបាក់ទូក ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។ ដូច្នេះសូមឲ្យបងប្អូនរបស់យើង អញ្ជើញទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ចៀសវាងការប្រើវិធានការតាមច្បាប់»។

ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline រួមមាន៖
* ទី១៖ Hotline 1299
* ទី២៖ 098 379 777
* ទី៣៖ 077 856 966
* ទី៤៖ 099 429 040
* ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ៕