(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានសម្រេចយកសណ្ឋាគារគុជអាស៉ី ប៊ូតិច ជាកន្លែងធ្វើចត្តាឡីស័កចំពោះអ្នកដែលព្យាបាលជាសះស្បើយ ក្រោយទទួលបានលទ្ធផលតេស្ដអវិជ្ជមានជំងឺកូវីដ១៩ ចំនួន២លើក នៅខេត្តព្រះសីហនុ។

សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់ថា ទីតាំងសណ្ឋាគារ គុជអាស៉ី ប៊ូតិច ស្ថិតនៅផ្លូវគុជអាស៉ី (ផ្លូវលេខ១២៣៧) ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

គួរជម្រាបថា សម្រាប់អ្នកជំងឺកូវីដ១៩ នៅពេលធ្វើតេស្ដពីរលើកបង្ហាញថា អវិជ្ជមានជំងឺកូវីដ ត្រូវបានចាត់ទុកថា ជាសះស្បើយពីជំងឺនេះ នឹងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្ដែត្រូវបន្ដធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀត ដូច្នេះហើយទើបរដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចយកសណ្ឋាគារនេះធ្វើជាទីតាំងសម្រាប់ធ្វើចត្ដាឡីស័កអ្នកជាសះស្បើយតែម្ដង៕