(ភ្នំពេញ)៖ បន្ទាប់ពីបានធ្វើការចែកជូននូវ ទឹកក្រូចដប និងមីជាច្រើនពាន់កេស ដល់កម្លាំងក្រោមឱវាទជាអំណោយអបអរចូលឆ្នាំថ្មី ម្តងរួចកាលពីថ្មីៗកន្លងមក នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចែកបន្ថែមជាលើកទី២ នូវអាហារបំប៉ន មានម្សៅទឹកដោះគោ និងស្ករគ្រាប់ ដែលជាអំណោយរបស់សប្បុរសជន ដល់ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤។

ការចែកអំណោយនេះ គឺដើម្បីឲ្យមេបញ្ជាការអាវុធហត្ថខណ្ឌ យកទៅចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅតាមចំនួនទ័ពដែលខ្លួនគ្របគ្រង់រៀងៗខ្លួនឲ្យបានគ្រប់ៗគ្នា ដើម្បីជាការបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅ នឹងការហត់នឿយហត់របស់កងកម្លាំង ដែលកំពុងមមាញឹក ក្នុងការបំពេញបេសកកម្ម ការពារតាមគោលដៅ ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ជាពិសេសមមាញឹក ក្នុងការចូលរួមត្រួតពិនិត្យបម្រាមគោចរ ពីម៉ោង០៨៖០០យប់ ដល់ម៉ោង០៥៖០០ទៀបភ្លឺ តាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្សព្វផ្សាយនូវខ្លឹមសារ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋាន ទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ច្បាប់ ស្តីពីការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩។

ក្នុងនោះ លោកមេបញ្ជាការក៏បានក្រើនរំលឹកម្តងហើយម្តងទៀត សូមឲ្យកម្លាំងទាំងអស់ព្រមទាំងក្រុមគ្រួសារ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត និងចូលរួមអនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕