(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ អាជីវករ សន្ដិសុខ បុគ្គលិក អ្នកបម្រើការងារ និងអ្នកពាក់ព័ន្ធនៅផ្សារអូរឫស្សី សរុបចំនួន១១៣នាក់ហើយ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

តាមរយៈបណ្ដាញព័ត៌មាន Fresh News អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូន អាជីវករទាំងអស់នៅក្នុងផ្សារអូរឫស្សី សូមបន្តធ្វើចត្តាឡីស័ក និងទៅយកសំណាកជាបន្ទាន់ថែមទៀត បើសិនអ្នកដែលមិនទាន់បានទៅយក។

សាលារាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលកើតជំងឺកូវីដ១៩ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក ហើយសម្រាប់ក្រុមអាជីវករ សន្តិសុខ បុគ្គលិកបម្រើការងារនៅផ្សារ ព្រមទាំងគ្រួសាររបស់អាជីវករ សូមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដាច់ខាត កុំចេញទៅណាទាំងអស់ បើមិនទាន់គ្រប់១៤ថ្ងៃ ជាមួយលទ្ធផលតេស្តអវិជ្ជមាន។

ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់រាល់អាជីវករផ្សារអូរឫស្សី សូមចៀសឲ្យឆ្ងាយសិន កុំអាលជួបទាក់ទងដោយផ្ទាល់ និងនៅក្បែរ រហូតដល់ស្ថានភាពនៃការឆ្លងជំងឺនៅផ្សារមួយនេះ មានការថមថយវិញ ហើយការទទូចយ៉ាងដូច្នេះ មិនមែនអាជ្ញាធរ ឲ្យរើសអើងគ្នានោះឡើយ តែអាជ្ញាធរបានគិតគូពីបញ្ហាសុខភាពរបស់បងប្អូនជាសំខាន់។

សូមបញ្ជាក់ថា ក្រោយមានហេតុការណ៍នេះកើតឡើង អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានសម្រេចបិទផ្សារអូរឫស្សីជាបណ្ដោះអាសន្ន និងបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ក៏ដូចជាអំពាវនាវដល់បងប្អូនអាជីវករទាំងអស់នៅក្នុងផ្សារ ទៅយកសំណាកនៅវិទ្យាល័យបាក់ទូក ប៉ុន្តែពួកគាត់ខ្លះមិនបានទៅយកនោះទេ។ ដូច្នេះសូមឲ្យបងប្អូនរបស់យើង អញ្ជើញទៅយកសំណាកជាបន្ទាន់ ដើម្បីស្វែងរកកូវីដ១៩ ចៀសវាងការប្រើវិធានការតាមច្បាប់។

ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline រួមមាន៖
* ទី១៖ Hotline 1299
* ទី២៖ 098 379 777
* ទី៣៖ 077 856 966
* ទី៤៖ 099 429 040
* ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ៕