(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៧ គោលដៅ នៅ​រាជ​ធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជាច្រើនទៀត ដើម្បី​សុវ​ត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង៩យប់តទៅ។

ឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បាន​ថ្លែង​ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃនេះថា ប៉ុស្តិ៍ត្រួតពិនិត្យ៧ ទីតាំងដែលស្ថិតនៅរាជធានីភ្នំពេញ មានដូចជា៖

ទី១៖ ខណ្ឌច្បារអំពៅ, ទី២៖ ខណ្ឌមានជ័យ, ទី៣៖ ខណ្ឌពោធិ៍សែន, ទី៤៖ ខណ្ឌទួលគោក, ទី៥៖ ខណ្ឌប្ញស្សីកែវ, ទី៦៖ ផ្លូវជាតិលេខ៤ ចំណុចកំបូល និងទី៧៖ ផ្លវជាតិលេខ៥ ចំណុចស្ពាន​លីយ៉ុងផាត់។

ប្រធាននាយកដ្ឋានរូបនោះបានបញ្ជាក់ថា៖ ក្រៅពីនោះកម្លាំងសមត្ថកិច្ចក៏បានពង្រាយកម្លាំងបន្ថែម នៅតាមបណ្តាខេត្តជាច្រើនទៀត មានតាមត្រួតពិនិត្យជាតិស្រវឹងរួមមាន៖ ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តតាកែវ, ខេត្តស្វាយរៀង, ខេត្តព្រៃវែង ព្រមទាំងខេត្តជាច្រើនទៀត។

កងកម្លាំងសមត្ថកិច្ច សូមអំពាវ​នាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរព​ច្បាប់​ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចំបង៕