(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយហើយ និងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាព។

លោក សរ សុដានី បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង បានឱ្យដឹងថា «រូបលោកត្រូវបានក្រុមគ្រូពេទ្យព្យាបាលឱ្យជាសះស្បើយពីជំងឺកូវីដ-១៩ ហើយបានចេញពីកន្លែងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ នៅថ្ងៃនេះ និងបន្តឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀត» ជាមួយគ្នានេះដែរ លោកក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង, លោកស្រី ដួង វណ្ណា, លោក ឌី វិជ្ជា, លោក ជុក មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងស្វាយរៀង, ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការ ប្រជាពលរដ្ឋ ពុកម៉ែមីងមារ យាយតា មិត្តភក្តិជិតឆ្ងាយទាំងអស់ ជាពិសេសកងទ័ព (អាវស) ដែលតែងតែលើកទឹកចិត្តដល់លោកជានិច្ច និងណែនាំឱ្យលោកខិតខំថែរក្សាសុខភាព និងហូបថ្នាំំទៀងទាត់។

លោក សរ សុដានី បានបញ្ជាក់ថា «ក្រុមគ្រូពេទ្យបានព្យាបាល ដោយយកចិត្តទុកដាក់បំផុត រហូតមកដល់ថ្ងៃនេះ លោកបានជាសះស្បើយ ហើយបានចេញពីកន្លែងព្យាបាល ប៉ុន្តែត្រូវបន្តចត្តាឡីស័ក១៤ថ្ងៃបន្តទៀត ដើម្បីធានាថាសុខភាពមានសុខវត្ថិភាព ទើបអាចចេញទៅបន្តការងារបម្រើជូនរាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋជាគោរពស្រឡាញ់បន្តទៀត សង្ឃឹមថាអ្វីៗនឹងល្អប្រសើឡើងវិញសម្រាប់លោកផងដែរ»

ជាមួយគ្នានេះលោក សរ សុដានី បានជូនពរប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលសូមឆាប់ជាសះស្បើយទាំងអស់គ្នា និងត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន «៣ការពារ ៣កុំ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះ។

សូមបញ្ជាក់ថា លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ត្រូវបានធ្វើតេស្តសំណាករកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមីនា ហើយត្រូវបានអាជ្ញាធរខេត្តស្វាយរៀង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕