(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននូវស្ពានថ្មថ្មីហៅស្ពាន «១៣ មករា» ទន្ទឹមគ្នានឹងស្ពានថ្មចាស់ ជាស្ពានបុរាណកណ្តាលក្រុងបាត់ដំបង ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ មុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ។

ការគ្រោងសម្រេចដាក់ឱ្យប្រើប្រាស់ស្ពាននេះ បន្ទាប់ពីមានកិច្ចប្រជុំការងាររដ្ឋបាលកាលពីសប្តាហ៍មុនកន្លងមកនេះ លោក ងួន រតន: អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្រោយការសាងសង់ស្ពានថ្មថ្មីរួច១០០ភាគរយ តាមការគ្រោងទុករដ្ឋបាលខេត្តបានពិនិត្យ និងសម្រេចយកពេលវេលាសមស្របមួយ ដើម្បីបើកឱ្យដំណើរការចរាចរណ៍ទៅមកជាបណ្តោះអាសន្ននូវស្ពានថ្មថ្មីមួយខ្សែ ដែលមានទីតាំងទន្ទឹមគ្នា ជាមួយស្ពានបុរាណអាយុជាង ១០០ឆ្នាំ ជាផ្លូវការនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ថែមទាំងបានជំរុញដល់មន្ទីរជំនាញ ក៏ដូចជាសមត្ថកិច្ចផ្នែកចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យពិនិត្យពិចារណាលើខ្លឹមសាររួមនៃចំណុចសំខាន់ៗ ជាគន្លឹះលើការកែលម្អស្ពានខាងលើឱ្យសាកសមជាស្ពានកម្រិតស្តង់ដា ពិសេសការដាក់ស្លាកសញ្ញាកំណត់ទិសជាស្ពាន «ឯកទិស» ឱ្យបានល្អងាយស្រួលដល់សាធារណជនឆ្លងកាត់បានស្រួលមិនមានភាពកកស្ទះ ឬគ្រោះថ្នាក់ផ្សេងៗ។

លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ដែរថា សមិទ្ធផលថ្មីនេះ ជាចំណងដៃដល់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងលើនេះ ជាការតភ្ជាប់សរសៃឈាមមួយរវាងត្រើយខាងលិច និងត្រើយខាងកើតនៃស្ទឹងសង្កែ ដែលអាចសម្រួលចរាចរណ៍បាននូវយានយន្តគ្រប់ប្រភេទ។

ស្ពានថ្មថ្មីនេះ ក៏ជាសមិទ្ធិផលថ្មីមានទីតាំងនៅមុខសាលាខេត្តដែរ មានឈ្មោះស្ពាន «១៣ មករា» ជាថ្ងៃរំដោះក្រុងបាត់ដំបង ឡើងវិញពីរបរប្រល័យពូជសាសន៍ ប៉ុល ពត។ ស្ពាន «១៣ មករា» ថ្មី ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេលដ៏ខ្លីខាងមុខទៀតនេះ ជាស្ពានឯកទិស ដោយអនុញ្ញាតឱ្យធ្វើចរារណ៍បានតែពីទិសខាងលិច ឆ្ពោះទៅទិសខាងកើតតែប៉ុណ្ណោះ និងតម្រូវឱ្យធ្វើចរាចរណ៍ត្រឡប់មកវិញក្នុងទិសដៅពីកើតទៅលិចវិញនូវស្ពានក្បែរគ្នាមួយទៀត គឺស្ពានថ្ម «សម្តេចតេជោ ហ៊ុន សែន»។

ស្ពាន «១៣ មករា» មានទីតាំងឋិតនៅប៉ែកខាងត្បូង នៃស្ពានបុរាណសម័យបារាំង មានចន្លោះពីគ្នាចំនួន ៦ម៉ែត្រ ប្រវែងបណ្តោយចំនួន ១០០ម៉ែត្រ ទទឹង៨ម៉ែត្រ ប្រើប្រាស់ថវិកាចំនួនជាងកន្លះលានដុល្លាអាមេរិករបស់សប្បុរសខ្មែរ នៅប្រទេសស្វីស មានស្រុកកំណើតនៅក្នុងស្រុកបាណន់ តាមរយៈការកៀរគរ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរ៕