(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាបនាល្ងាចថ្ងៃទី៩ ខែមេសានេះ បានរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ តាមរបាយការណ៍ ស្រ្ដីខាងលើដែលជាករណីទី១២ ក្នុងខេត្តសៀមរាបនេះ អាយុ ៤៦ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។

ក្នុងសេចក្តីជូនដំណឹងរបស់ខេត្ត ដែល Fresh News ទទួលបាន បានឱ្យដឹងថា ស្ត្រីកើតជំងឺកូវីដ១៩នៅពេលនេះ មានឈ្មោះ ចាប់ នី ភេទស្រី អាយុ ៤៦ឆ្នាំ។ របាយការណ៍របស់ក្រុមការងារពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code នៅព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ បានបង្ហាញថាស្រ្ដីរូបនេះ បានធ្វើដំណើរតាមរយៈរថយន្តក្រុងម៉ាកហ៉ីយ៉ាន់ដាយ ស្លាកលេខ 3D-9211 ពណ៌ចម្រុះ(ស-ក្រហម) ដែលមានអ្នករួមដំណើរជិះក្នុងរថយន្តសរុប១៩នាក់។

របាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប លោកស្រី ចាប នី បានចេញពីខេត្តស្វាយរៀង ឆ្លងកាត់រាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។

វិធានការជាបន្ទាន់លើករណីនេះ រដ្ឋបាលខេត្ត សម្រេចបិទទីតាំងមួយចំនួនរួមមាន ផ្សារភូមិភាគបួន ស្ថិតភូមិខ្វៀន សង្កាត់គោកចក មន្ទីរសម្រាកព្យាបាល ឆាយ លាង ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុង-សៀមរាប និងទីតាំងមួយចំនួនដែលនឹងជូនដំណឹងនាពេលបន្ទាប់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់អ្នករួមដំណើរទាំង១៩នាក់ ក្នុងរថយន្តក្រុង ត្រូវរួសរាន់ទំនាក់ទំនងមកយកសំណាកតាមរយៈលេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០១ និងសមាជិកក្នុងគ្រួសារនៃអ្នករួមដំណើរទាំង១៩នាក់នេះ ត្រូវចត្តាឡីស័កតាមផ្ទះរៀងខ្លួនៗ។ ទន្ទឹមគ្នានេះអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬក្រុមគ្រួសារអ្នករួមដំណើរខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរសព្ទខាងលើ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែមេសា នេះ ខេត្តសៀមរាបមានអ្នកកើតជំងឺកូវីដ១៩សរុប ១២នាក់ហើយ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ តាមប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក្នុងនោះចំណោមអ្នកទាំងនោះ គឺមានអ្នកជាសះស្បើយមួយនាក់ និងបន្តការព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត ១១នាក់៕

\