(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បានផ្ដល់នូវឧបករណ៍តាមដានអុកស៊ីសែនក្នុងរាងកាយ ចំនួន២ពាន់គ្រឿង ជូនដល់ក្រសួងសុខាភិបាល សម្រាប់ប្រើប្រាស់តាមដានសុខភាពអ្នកជំងឺកូវីដ១៩ ក៏ដូចជាអ្នកជំងឺទូទៅ។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ តំណាងសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «ក្នុងបរិបទជំងឺកូវីដ១៩ ម៉ាស៊ីនតាមដានអ៊ុកស៊ីសែនក្នុងឈាមនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការតាមដានសុខភាពអ្នកជំងឺកូវីដ១៩។ លើសពីនោះ ក៏អាចប្រើប្រាស់សម្រាប់អ្នកជំងឺទូទៅបានផងដែរ ហើយយើងនឹងធ្វើការបែងចែកម៉ាស៊ីននេះ នៅតាមបណ្ដារាជធានីខេត្ដ»

លោកស្រីបញ្ជាក់បន្ថែមថា សម្ភារជាជំនួយរបស់អង្គការសុខភាពពិភពលោកនេះ មិនមែនជាលើកទីមួយទេ ដែលនេះបានបង្ហាញពីកិច្ចសហប្រតិបត្ដិការល្អ រវាងក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភលោក ។

ក្នុងឱកាសនោះ ក្នុងនាមក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះលោកស្រី វេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលមានទឹកចិត្តល្អ ដែលបានខិតខំស្វែងរកនូវធនធាន ក៏ដូចជាសម្ភារនេះ ដើម្បីផ្តល់ជូនក្រសួងសុខាភិបាល។ កន្លងមក លោកស្រី លី អាយឡែន ក៏បានផ្តល់ជូននូវសម្ភារផ្សេងៗផងដែរ ដូចជាម៉ាស និងសម្ភារបរិក្ខារពេទ្យសម្រាប់ប្រើបា្រស់ ដើម្បីបង្កើនលទ្ធភាពក្នុងការគាំទ្រ ក្នុងកិច្ចការដែលកម្ពុជា កំពុងតែមមាញឹកក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕