(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងលោក Rune Kristian Dale-Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើគម្រោងស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្អោម នៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានទឹកប្រាក់ចំនួន១,៦០០,០០០ ដុល្លារអាមេរិក។

គម្រោងខាងលើនេះ មានរយៈពេលមួយឆ្នាំ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ និងត្រូវប្រើប្រាស់កម្លាំងជំនាញ របស់អង្គភាពស៊ីម៉ាក់ ចំនួនប្រមាណជាង២០០នាក់។

កម្លាំងបែងចែកជាក្រុមធ្វើប្រតិបត្តិការ នៅគោលដៅតាមខេត្តនានា ភាគខាងកើតនៃប្រទេសកម្ពុជា។ គម្រោងនេះ មានផែនការរំដោះចំការគ្រាប់បែកចង្កោមទំហំ ២៣,៧៦០,០០០ ម៉ែត្រក្រឡា ការស្រាវជ្រាវបច្ចេកទេស លើផ្ទៃដីប្រមាណ៣៥គីឡូម៉ែត្រក្រឡា និងឆ្លើយតបសំណើបន្ទាន់ៗ ពីសហគមន៍ឲ្យបាន១,៣២០សំណើ។

ថវិកាគាំទ្រគំរោងនេះ បានទទួលពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ជូនអង្គការ NPA ដើម្បីសហការជាមួយអង្គភាពស៊ីម៉ាក់ ក្នុងកិច្ចប្រតិបតិ្តការស្រាវជ្រាវ និងបោសសំអាតតំបន់រងផលប៉ះពាល់ ដោយគ្រាប់បែកចង្កោមសំណល់ ពីសង្គ្រាមនៅកម្ពុជា។

ក្នុងពិធីនោះ លោក ហេង រតនា ក៏បានសូមអរគុណចំពោះលោក Rune Kristian Dale-Andresen និងលោកស្រី Portia Stratton ដែលខិតខំសម្របសម្រួលគំរោង
ហើយការចុះហត្ថលេខាគំរោងនៅថ្ងៃនេះ ចំពេលកំពុងមានកូវីដ១៩គំរាមកំហែងខ្លាំង (ចំនួនអ្នកឆ្លង៥៧៦នាក់) និងមានភ្លៀងធ្លាក់មួយមេដើមឆ្នាំយ៉ាងធំផងដែរ។

សូមរំលឹកថា គម្រោងកាលពីឆ្នាំ២០២០-២០២១ កន្លងទៅនេះ បានសម្រចលទ្ធផលមានជាអាទិ៍ដូចជា៖

* បានរំដោះតំបន់គ្រាប់បែកចង្កោម ចំនួន១១៣ មានផ្ទៃដីសរុបទំហំ ៣១,៧៥៤,២៤៣ម៉ែត្រក្រឡា
* រកឃើញ និងកម្ទេចចោលគ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះគ្រប់ប្រភេទ បានចំនួន១១,១០៨គ្រាប់
* ផ្តល់ការអប់រំយល់ដឹង ពីមីនដល់ប្រជាពលរដ្ឋចំនួន បាន១៣៤,៩១៩នាក់
* ស្រាវជ្រាវព័ត៌មានបឋម បានចំនួន២៩៩ភូមិ
* រកឃើញចម្ការគ្រាប់បែកង្កោមចំនួន៤១៨ ដែលមានផ្ទៃដីស្មើនឹង៤៧,៤៦៧,៩០១ម៉ែត្រក្រឡា៕