(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន ការចេញ-ចូល ទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ (ទីតាំងនៅក្រុមទី១, ៤, ២៥, ២៦, ២៧, ២៨, ២៩, ៣០, ៣១, ៣៣ និងក្រុមទី៣៤)។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា យោងតាមលទ្ធផលតេស្ដវត្ថុសំណាកដែលក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១មក គឺបានបញ្ជាក់ថា មានករណីវិជ្ជជំងឺកូវីដ១៩ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះជាបន្ដបន្ទាប់។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត រដ្ឋបាលខេត្ត សម្រេចបិទតំបន់នោះជាបន្ទាន់ចាប់ពីត្រឹមផ្លូវចូលភូមិ (ព្រំប្រទល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ) ទៅដល់រំដួលជើងភ្នំ (ក្រុមទី១) និងចាប់ពីផ្លូវរថភ្លើង (ទាំងសំងផ្លូវ) នៅខាងក្រោយតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់មាត់សមុទ្រ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូលតំបន់នោះបន្តទៀតឡើយ។

ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ នឹងចុះស្រាវជ្រាវសម្ភាសន៍អ្នកពាក់ព័ន្ធ ក្នុងទីតាំងនោះ (ទាំង១១ក្រុម) ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកវត្ថុសំណាកពីអ្នករស់នៅក្នុងតំបន់នោះទាំងអស់ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។

ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្ម និងការលក់ដូរគ្រប់ប្រភេទរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់នោះជាបណ្តោះអាសន្ន និងកំណត់ជា មណ្ឌលចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ បងប្អូនប្រជាពលរដ្ឋទាំងអស់ (ទាំង១១ក្រុម) ត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕