(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ប៊ូយ ថាញ់សឺន ដើម្បីអបអរសាទរដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលថ្មីៗនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោកឧបនាយករដ្ឋមន្រ្តី បានអបអរសាទរប្រទេសវៀតណាមដែលទទួលបានជោគជ័យក្នុងការរៀបចំមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ និងសម័យប្រជុំទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)។ លោកក៏បានសម្តែងនូវជំនឿជឿជាក់ផងដែរថា ជាមួយនឹងបទពិសោធន៍ការទូត និងជំនាញដ៏ទូលំទូលាយរបស់ លោក ប៊ូយ ថាញ់សឺន ប្រទេសវៀតណាម នឹងដើរតួនាទីកាន់តែសំខាន់ឡើងនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

ជាការឆ្លើយតប លោក ប៊ូយ ថាញ់សឺន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ប្រាក់ សុខុន សម្រាប់សារអបអរសាទរ និងសារធុការពរ ដែលជាការលើកទឹកចិត្តសម្រាប់លោក ក្នុងការបំពេញភារកិច្ចថ្មី។

ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ រដ្ឋមន្រ្តីការបរទេសទាំងពីរបានពិភាក្សាដោយស្មោះត្រង់ និងភាតរភាព អំពីទំនាក់ទំនងទ្វេភាគី និងបានសម្តែងនូវការពេញចិត្តចំពោះការកើនឡើងជាលំដាប់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅលើវិស័យជាច្រើន រួមមាន វិស័យ អប់រំ ពាណិជ្ជកម្ម វិនិយោគ ថាមពល ការតភ្ជាប់ និងសន្តិសុខ ស្របពេលជាមួយការផ្ទុះឡើងនូវជំងឺ កូវីដ-១៩។ រដ្ឋមន្រ្តីការបរទេសទាំងពីរក៏បានសម្តែងនូវការប្តេជ្ញាចិត្តរឹងមាំ ក្នុងការធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានឡើងខ្ពស់មួយកម្រិតថែមទៀត តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង និងការសម្រេចចិត្តនានា របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលរួមមាន ការគ្រប់គ្រងព្រំដែន ការការពារសន្តិសុខនៅតាមបណ្តោយព្រំដែន ការសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ និងការឆ្លងកាត់របស់ប្រជាជន និងទំនិញនៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានកោតសរសើរចំពោះវិធានការ និងកិច្ចសហការរវាងភាគីទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ក្នុងន័យនេះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្តល់សម្ភារៈវេជ្ជសាស្រ្ត និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម។ ក្នុងបរិបទនេះ រដ្ឋមន្រ្តីការបរទេសវៀតណាម បានបញ្ជាក់ជាថ្មីនូវការគាំទ្រដ៏ពេញលេញរបស់ប្រទេសវៀតណាម ចំពោះប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅចុងឆ្នាំ២០២១ និងធ្វើជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ ២០២២ ខាងមុខ។

នៅចុងបញ្ចប់នៃការសន្ទនា លោក ប្រាក់ សុខុន បានអញ្ជើញលោក ប៊ូយ ថាញ់សឺន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្រប និងធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម (JC) លើកទី១៩ ដែលគ្រោងនឹងរៀបចំនៅកម្ពុជា នាចុងឆ្នាំ២០២១ នេះ។ លោក ប៊ូយ ថាញ់សឺន ក៏បានអញ្ជើញ លោក ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលវេលាសមស្របផងដែរ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានទទួលយកការអញ្ជើញនេះដោយសេចក្តីសោមនស្សរីករាយ ៕