(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។

ក្នុងសារលិខិតនោះមានខ្លឹមសារថា «ស្ថិតក្នុងបរិយាកាសប្រកបដោយបីតិសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ ជាបឋមសូមគោរពជូននូវសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនាគ្រប់ប្រការ ជូន សម្ដេចវិបុលសេនាភក្តី និង លោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា ឆន្ទៈមនសិការ បញ្ញាឈ្លាសវៃ និងមានជន្មាទីឃាយុយឺនយូរ ដើម្បី សម្តេច និង លោកជំទាវ រួមចំណែកដឹកនាំសង្គមជាតិឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ»។

ក្នុងវរោកាសប្រកបដោយសិរីសួស្តីជ័យមង្គលវិបុលសុខនេះ «នាងខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមថ្លែងនូវការគោរពកោតសរសើរដោយសុទ្ធចិត្តបំផុត ចំពោះ សម្ដេចវិបុលសេនាភក្តី គឺជាឥស្សរជនស្នេហាជាតិដ៏បរិសុទ្ធមួយរូបដែលមានសមត្ថភាពពេញលេញក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាល សម្ដេចវិបុលសេនាភក្តី តែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី នីតិកោសល្យ និងបទពិសោធន៍ ប្រកបដោយគំរូវីរភាពដ៏ឧត្តុង្គឧត្តម ក្នុងការបំពេញបេសកកម្មរួមចំណែកពង្រឹងនីតិរដ្ឋយ៉ាងស្រួចស្រាល់ ដោយទទួលបាននូវអត្ថិភាពយ៉ាងរឹងមាំស្ថិតស្ថេរជារៀងដរាប ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅប្រកបដោយទំនុកចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិត កាន់តែមានជីវភាពសម្បូរធូរធារ ថ្កុំថ្កើងរុងរឿង សុខដុមរមនា ក្នុងសុខសន្តិភាព ស្ថិរភាពគួរជាទីមោទកភាពយ៉ាងក្រៃលែង»។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ «នាងខ្ញុំ និងសហការី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ព្រះនាម មណ្ឌាទេវី សូមអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់យ៉ាង ជូន សម្ដេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លា ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ៖