(ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ អមដំណើរដោយលោកស្រីតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោកអភិបាលស្រុក និងមន្ត្រីមូលដ្ឋានមួយចំនួន នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានចុះទៅពិនិត្យកន្លែងធ្វើចត្តាឡីស័កនៅ៥ទីតាំង ស្ថិតនៅក្នុងអគារនៃវិទ្យាល័យ ជា ស៊ីម រក្សជ័យ អនុវិទ្យាល័យ ហ៊ុន សែន ឈើកាច់ សាលាបឋមសិក្សាវត្តនាគរង្សី សាលាបឋមសិក្សាឃ្លាំង និងមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ។

គិតមកដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ មានពលករចំណាកស្រុក និងពលរដ្ឋដែលមានការពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ដែលកំពុងត្រូវបានដាក់ឱ្យសម្រាកព្យាបាល ដើម្បីតាមដានសុខភាព និងដាក់ឱ្យធ្វើចត្តាឡីស័កមានចំនួនប្រមាណជាង៧០នាក់។

កន្លងទៅ អាស្រ័យដោយមានការខិតខំប្រឹងប្រែង និងកិច្ចសហការល្អរវាងគ្រូពេទ្យ និងមន្ត្រីសុខាភិបាលមូលដ្ឋាន ជាមួយអាជ្ញាធរស្រុក មានអ្នកជំងឺវិជ្ជមានកូវីដ១៩ម្នាក់ជាសះស្បើយ និងអ្នកដាក់ឱ្យធ្វើចត្តាឡីស័កចំនួន៩០នាក់ដែលត្រូវបានត្រួតពិនិត្យអវិជ្ជមាន២ដងរួច បានត្រឡប់ទៅកាន់ផ្ទះសំបែងពួកគេរួចហើយ។

ក្នុងឱកាសចុះទៅពិនិត្យដល់កន្លែងសម្រាកព្យាបាល និងចត្តាឡីស័កខាងលើ លោករដ្ឋមន្ត្រីប្រធានក្រុមការងារស្រុកក៏បានយកអំណោយរួមមាន ស្បៀង ថវិកា និងម៉ាសការពារ រួមទាំងប្រាក់ឧបត្ថម្ភដល់អតីតយុទ្ធជនដែលមកទទួលវ៉ាក់សាំងបង្ការកូវីដ១៩ចំនួន ៣៦៣នាក់ គិតជាទឹកប្រាក់សរុបអស់ ១៥លានរៀល៕