(ព្រះសីហនុ)៖ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋអ្នកប្រកបមុខរបររត់តាក់ស៊ី រត់ម៉ូតូឌុប រត់ម៉ូតូកង់បី និងអ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវផ្សេងទៀត នៅក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ស្អែកនេះ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោសែនកម្មករ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ចាប់ពីវេលាម៉ោង០៧៖០០នាទីព្រឹក។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលប្រជាពលរដ្ឋ អ្នកប្រកបមុខរបររត់តាក់ស៊ី រត់ម៉ូតូឌុប រត់ម៉ូតូកង់បី និងអ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវផ្សេងទៀត នៅក្នុងក្រុងព្រះសីហនុ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ សូមរក្សានូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងដើម្បីបង្ការហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ សូមគោរពឲ្យបានម៉ឺងម៉ាត់នូវវិធានការ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលយ៉ាងតិច១.៥ ម៉ែត្រ នៅគ្រប់ទីកន្លែងទាំងអស់) និង៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ ចេញចូល កុំទៅកន្លែងមនុស្សច្រើន កុំប៉ះពាល់គ្នា) របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល។

រដ្ឋបាលក្រុងព្រះសីហនុ បានបញ្ជាក់ទៀតថា ពេលអញ្ជើញទៅដល់សាលាបឋមសិក្សា-អនុវិទ្យាល័យ តេជោសែនកម្មករ សូមទំនាក់ទំនងទៅមន្ត្រីក្រុងប្រចាំការចំនួន ០២រូប គឺលោក លឹម ភត្រី (ទូរស័ព្ទលេខ ០៧០ ៦៣៣ ៣៣៨) និងលោក អ៊ឹម បូរិទ្ធ (ទូរស័ព្ទលេខ ០៨១ ៤០៣ ០៤០) ដែលរង់ចាំសម្របសម្រួលនៅទីតាំងចាក់វ៉ាក់សាំង៕