(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ បានចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនជាសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រៃវែង នៅមន្ទីរពេទ្យខេត្តព្រៃវែង។

សូមបញ្ជាក់ថា អតីតយុទ្ធជនដែលត្រូវចាក់វ៉ាក់សាំងទាំងអស់ទូទាំងខេត្តព្រៃវែងមានចំនួន ៣,៤០៨នាក់ តែសម្រាប់ដំណាក់កាលដំបូង ដែលត្រូវចាក់វ៉ាក់សាំងនៅថ្ងៃនេះ មានចំនួន៦៨០នាក់។

លោក ជា សុមេធី បានថ្លែងថា ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តម្រូវឱ្យមានការរៀបចំកន្លែងចាក់វ៉ាកសាំងជូនសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រៃវែង ដែលនេះ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីអោយបានជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា អតីតយុទ្ធជន គឺជាអ្នកតស៊ូប្ដូរផ្ដាច់ការពារទឹកដី និងនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ ដូច្នេះរដ្ឋាភិបាលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់បងប្អូនអតីតយុទ្ធ ហើយបានផ្តល់ឱកាសចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រោះវ៉ាក់សាំងនេះ មានតម្លៃណាស់សម្រាប់ការពារអាយុជីវិតរបស់ពួកគាត់ ដែលខុសគ្នាពីការធ្វើសង្រ្គាមលើសមរភូមិដែលយើងអាចដឹង និងមើលឃើញទីតាំងសត្រូវជាមុន។

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែងទាំងអស់ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដោយត្រូវធ្វើអនាម័យជាប្រចាំលាងដៃជាមួយសាប៊ូ អាកុល ជែល និងរក្សាគម្លាតគ្នាជាដើមមួយវិញទៀត ត្រវតែគោរពតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នូវវិធានការ «៣កុំ និង៣ការពារ» បើមិនចាំបាច់សូមកុំចេញក្រៅផ្ទះ៕