(កំពង់ឆ្នាំង)៖ គិតមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ រយៈពេល៤ថ្ងៃ អាជ្ញាធរ និងក្រុមគ្រូពេទ្យ ឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានយកប្រជាពលរដ្ឋចូលក្នុងមូលដ្ឋានឱ្យធ្វើចិត្តាឡីស័ក ចំនួន១២៨នាក់ ដោយបានដាក់នៅមណ្ឌលចត្តាឡីស័ក ២កន្លែង ក្នុងនោះមណ្ឌលចត្តាឡីស័កស្រុករលាប្អៀរ និងមណ្ឌលចត្តាឡីស័កស្រុកទឹកផុស។ នេះបើតាមលោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត អនុប្រធានមន្ទីរសុខា ភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News។

បន្ទាប់ពីផ្ទុះជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវសេចក្តីសម្រេច ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើ ដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាពិសេសក្នុងខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តក៏បានចេញនូវសេចក្តីណែនាំពង្រឹងនូវវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពង្រឹងសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដោយបានណែនាំដល់ប្រជាពលរដ្ឋ ដែលធ្វើការនៅក្រៅមូលដ្ឋាន គួរពុំចាំបាច់អញ្ជើញមកស្រុកកំណើត ដើម្បីធ្វើបុណ្យទាននៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ក្នុងករណីមានប្រជាពលរដ្ឋនៅក្រៅមូលដ្ឋានបានចូលមកលេងស្រុកកំណើត ឬក៏ក្នុងគោលដៅដើរទេសចរណ៍កម្សាន្ត ឬក៏មានគោលបំណងមកធ្វើបុណ្យចូលឆ្នាំក្នុងមូលដ្ឋានរបស់បងប្អូន អាជ្ញាធរ និងសមត្ថកិច្ចនៅកន្លែងនោះ ត្រូវតែអនុវត្តតាមវិធានការរដ្ឋបាល ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយយកបងប្អូនទៅធ្វើចត្តា ឡីស័ករយៈពេល១៤ថ្ងៃ ថែមទាំងយកសំណាក់ទៅធ្វើតេស្តផងដែរ។

តែទោះជាអាជ្ញាធរខេត្ត បានដាក់ចេញនូវផែនការក្តៅយ៉ាងនេះក៏ដោយ ក៏ប្រជាពលរដ្ឋ និងកម្មកររោងចក្រមួយចំនួន ធ្វើការនៅទីក្រុងភ្នំពេញ នៅតែលបលួចចូលមកស្រុកកំណើតជារៀងរាល់ថ្ងៃ ស្ទើរគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង។ ដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យបានយករថយន្តប្រមូល ពីតាមបណ្ដាស្រុកមួយ ចំនួនយកមកដាក់ធ្វើចត្តាឡីស័កជារៀងរាល់ថ្ងៃ។

លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្រោយពីមានសេចក្តីណែនាំរបស់អាជ្ញាធរខេត្ត មកដល់ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរ និងក្រុមការងាររបស់លោកបានប្រមូលបងប្អូនប្រជាពលរដ្ឋ ដែលមកពីក្រៅមូលដ្ឋានចូលមកស្រុកកំណើតទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័កចំនួន ១២៨នាក់ហើយ ដោយបានដាក់នៅមណ្ឌលចត្តាឡីស័ក ២កន្លែង ក្នុងនោះមណ្ឌលចត្តាឡីស័កស្រុករលាប្អៀរ និងមណ្ឌលចត្តាឡីស័កស្រុកទឹកផុស»។

លោកវេជ្ជបណ្ឌិត បានបន្តថា ដោយឡែក ព្រឹកនេះ ក្រុមការងាររបស់មន្ទីរសុខាភិបាល សហការជាមួយអាជ្ញាធរ និងចុះប្រមូលបងប្អូនប្រជាពលរដ្ឋ ដែលមកពីក្រៅចូលមកក្នុងមូលដ្ឋាន យកទៅដាក់នៅមណ្ឌលចិត្តាឡីស័កជាបន្តទៀតផងដែរ។

លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលដាក់ចេញនូវសេចក្តីសម្រេចដោយហាមឃាត់ការធ្វើដំ ណើរ ចេញចូលពីខេត្តមួយ ទៅខេត្តមួយ។នឹងមានសេចក្តីណែនាំពីអាជ្ញាធរខេត្ត ដោយត្រូវតែអនុវត្តវិធានការរដ្ឋបាលស្របតាមច្បាប់ នៅបទប្បញ្ញត្តិឱ្យបានតឹងរ៉ឹង ខណៈមានប្រជាពរដ្ឋ និងបងប្អូនកម្មករ ដែលនៅក្រៅមូលដ្ឋានអញ្ជើញចូលមកស្រុកកំណើត ត្រូវតែនាំយកបងប្អូនទាំងនោះទៅដាក់ធ្វើចត្តាឡីស័ក១៤ថ្ងៃ និងយកសំណាកទៅធ្វើតេស្តឱ្យបានគ្រប់គ្នា៕