(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រឈ្មោះ K01 ធីវីអនឡាញ ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយ ព័ត៌មានញុះញង់ មានចេតនាទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្ម។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
សេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន ក្នុងប្រការ១ បានបញ្ជាក់យ៉ាងដូច្នេះថា «លុបប្រកាសលេខ២៦៨ព.ម.ប្រក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មានស្តីពីការអនុញ្ញាតឲ្យលោក ឃឿន សុឡា សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ០១១២៤១២៧៣ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ អាសយដ្ឋានស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកអាជីវកម្មគេហទំព័រឈ្មោះ K01 ធីវីអនឡាញ www.k01tvonline.com ដោយម្ចាស់អាជ្ញាបណ្ណ បានផ្សព្វផ្សាយព័ត៌មានញុះញង់ មានចេតនាទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។
គួរជម្រាបថា ការសម្រេចលុបអាជ្ញាបណ្ណផ្សព្វផ្សាយព័ត៌មានរបស់ K01 ធ្វើឡើងបន្ទាប់លោក ឃឿន សុឡា ហៅ K01 បានផ្សព្វផ្សាយ និងចែកចាយវីដេអូមួយចំនួន ដែលត្រូវបានចាត់ទុកថា មានលក្ខណៈញុះញង់ និងបង្កចលាចលនៅក្នុងសង្គម គ្រាដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។
ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ ពាក់ព័ន្ធជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក៏បានប្រាប់ទៅលោក K01 ឲ្យលុបវីដេអូដែលខ្លួនបានបង្ហោះកន្លងមកនេះ និងប្រាប់ទៅលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ពិនិត្យមើលករណីនេះផងដែរ។
ភ្លាមៗបន្ទាប់ពីការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន លោក ឃឿន សុឡា ក៏បានចេញមកសុំទោសជាសាធារណៈ ពិសេសសុំទោសសម្ដេចតេជោ ហ៊ុន សែន ចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តិខុសឆ្គងនាពេលកន្លងទៅ ហើយក៏បានលុបវីដេអូដែលខ្លួនបានបង្ហោះនោះផងដែរ៕