(ភ្នំពេញ)៖ នៅវេលាម៉ោង១០យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល បានចាប់ផ្តើមដឹកក្រុមកម្មករកម្មការិនីទាំង៤៤៥នាក់ យកទៅធ្វើចត្តាឡីស័កនៅសង្កាត់បឹងធំ ក្រោយកម្មករនៅរោងចក្រមួយនេះចំនួន២៧នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដជាបន្តបន្ទាប់។

លោក ហោ វាសនា អភិបាលរងខណ្ឌកំបូល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃសៅរិ៍នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំកម្លាំងសរុបរបស់រដ្ឋបាលខណ្ឌ រួមមានមន្ត្រីសាលាខណ្ឌ មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ សន្តិសុខសាលាខណ្ឌ និងមន្ត្រីសង្កាត់ប្រជាការពារសង្កាត់បឹងធំ ចុះរៀបចំទីតាំងធ្វើចត្តាឡីស័ក្តរបស់បងប្អូនកម្មករកម្មការិនី រោងចក្រ AM2 ចំនួន៤៤៥នាក់ ដើម្បីយកពួកគាត់ទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងបរវេណសាលាបឋមសិក្សាទ្រនំជ្រឹង ស្ថិតតាមបណ្តោយផ្លូវលេខ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ យ៉ាងហោចណាស់មានកម្មករនិយោជិតកើនឡើង២៧នាក់ ក្នុងរោងចក្រ AM2 ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩។ នេះបើតាមលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា រោងចក្រ AM2 មានកម្មករនិយោជិតសរុបចំនួន៤៧៥នាក់។ ចំពោះកម្មករនិយោជិត ដែលមិនឆ្លងកូវីដ១៩ ត្រូវបានអាជ្ញាធរដឹកយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាទ្រនំច្រឹង ដែលស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល។

បើតាមអាជ្ញាធរ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងរោងចក្រនេះ អាជ្ញាធរខណ្ឌ និងមន្ត្រីក្រសួងសុខាភិបាល បានចាត់វិធានការជាបន្ទាន់ គឺមិនឲ្យកម្មករនិយោជិតទាំងអស់ចេញដើរពីរោងចក្រនោះឡើយ ពោលបានធ្វើឲ្យធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រតែម្តងរយៈពេល ៣ទៅ៤ថ្ងៃមកហើយ ទើបតែនៅពេលនេះ បានដឹកបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កនៅក្នុងសង្កាត់បឹងធំ ក្រោយបានរៀបចំរួចរាល់។

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា រួមជាមួយលោក-លោកស្រីអភិបាលរង លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកចៅសង្កាត់កន្ទោក លោកមេភូមិកន្ទោកជើង នឹងក្រុមការងារខណ្ឌ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមមាន៖

*ទឹកសុទ្ធ ចំនួន ១៣០កេះ
*មីជាតិ ចំនួន ៤០កេះ
*អាល់កុលដបតូច ចំនួន ៥០០ដប
*អាល់កុល១កាន ចំណុះ ៣០លីត្រ
*ម៉ាស ២,៥០០ម៉ាស ជូនដល់កម្មករ-កម្មការិនី ចំនួន៤៧៥នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រ «អេអឹម២» ដែលបានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ យឹម យ៉ឹម បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ The Great Duke៕