(រតនគិរី)៖ លោក ថង សាវុន ប្រធានអនុគណៈកម្មការចំពោះកិច្ច ក្នុងការចាក់វ៉ាក់សាំងសម្រាប់ ខេត្តរតនគិរី នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការចាក់វ៉ាក់សាំងកូវីដ១៩។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមេបញ្ជាការកងកម្លាំងទាំង៣ ប្រភេទ, អភិបាលស្រុក, ក្រុងទាំង៩ និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន ។

លោក ថង សាវុន បានថ្លែងការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានសម្រេច បាននូវលទ្ធផលយ៉ាងល្អប្រសើរ នៅក្នុងដំណើរការនៃការចាក់វ៉ាក់សាំងសម្រាប់មន្រ្ដីរាជការ និងមន្រ្ដីកិច្ចសន្យាជួរមុខ ក្នុងរយៈពេលចាប់ពីថ្ងៃទី ០១ ខែមេសា ដល់ថ្ងៃទី៩ ខែមេសា កន្លងមកនេះ គឺមានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៦,៥១៦នាក់ អ្នកអាចចាក់វ៉ាក់សាំងបានចំនួន ៥,៨៩៣នាក់ អ្នកមិនអាចចាក់បានចំនួន៦២៣នាក់, ចំពោះអតីតយុវជនយោធិន មានអ្នកស្ម័គ្រចិត្តចំនួន ១៦៨នាក់ អ្នកអាចចាក់បានចំនួន ១៣២នាក់ និងអ្នកមិនអាចចាក់បានចំនួន ៣៦នាក់ ។

លោកបន្តថា ចំពោះគោលដៅបន្ទាប់ នៅពេលដែលវ៉ាក់សាំងមកដល់ជាបន្ដ គឺចាក់ជូនចំពោះប្រជាជនរស់នៅទីតាំងទីប្រជុំជនក្រុង ទីប្រជុំស្រុក និងទីប្រជុំជនផ្សារ ក្រុមយុវជន និងក្រុមវ័យចាស់ៗដែលប្រឈមមុន។

លោកអភិបាលខេត្ត ក៏បានសំណូមពរអោយបងប្អូនមន្រ្ដីរាជការទាំងអស់ អញ្ជើញមកទទួលចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា ដើម្បីការពារខ្លួនឯង គ្រួសារ និងសហគមន៍យើងទាំងមូល ព្រមទាំងត្រូវបន្ដអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ «៣ការពារ, ៣កុំ» ដើម្បីអោយយើងទាំងអស់គ្នា ជៀសផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។

លោកក៏បានអំពាវនាវអោយអាជ្ញាធរពាក់ព័ន្ធ ក្រុមការងារ និងមន្រ្ដីពាក់ព័ន្ធទាំងអស់ អនុវត្តតាមផែនការសេចក្ដីណែនាំ របស់រដ្ឋបាលខេត្ត ទាក់ទងនឹងការបម្រាមគោចរ ជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ផ្អាកជាបណ្ដោះអាសន្ននូវការជួបជុំ, ប្រមូលផ្ដុំ, ទទួលទានអាហារ, តាមភោជនីយដ្ឋាន និងទីកន្លែងសាធារណៈនានា ក្នុងភូមិសាស្រ្ដខេត្តរតនគិរី ចន្លោះចាប់ពីពេលយប់ ពីម៉ោង២១៖០០ដល់ ម៉ោង៥ព្រឹកជាកំហិត ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២១ ព្រមទាំងពង្រឹងការចេញចូលខេត្ត តាមច្រកព្រំប្រទល់ខេត្ត និងខេត្តតាមសារាចរ ណ៍ណែនាំរបស់រាជរដ្ឋាភិបាលឲ្យបានម៉ត់ចត់ និងបានត្រឹមត្រូវ៕