(កោះកុង)៖ ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវឲ្យកងកម្លាំងគរបាលជាតិ រួមទាំងក្រុមគ្រួសារ ជួយផ្សព្វផ្សាយណែនាំអប់រំដល់ប្រជពលរដ្ឋចូលរួមចាក់វ៉ាក់សាំង ដើម្បីចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល ក្នុងការពារកូវិដ១៩។

ការអំពាវនាវរបស់ឧត្តមសេនីយ៍ឯក តេង សួន ធ្វើឡើងក្នុងឱកាសតំណាងនាយកឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្ត និងគណៈប្រតិភូអមដំណើរជាច្រើនរូប បានអញ្ជើញចុះសួសុខទុក្ខ និងសំណេះសំណាល ព្រមទាំងនាំយកនូវអំណោយ គ្រឿងឧបភោគ បរិភោគរួម និងថវិកាចំនួនប្រគល់ ជូនកម្លាំងនគរបាលឈរជើងព្រំដែនទឹកវរៈសេនាតូច លេខ២៦៩ និងវរៈព្រំដែនគោក៨២៧ ព្រមទាំងកម្លាំងនគរបាលភូមិភាគប្រចាំទិសខេត្តកោះកុង។

ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅវរៈសេនាតូចនគរបាលការពារព្រំដែនទឹក លេខ២៦៩ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ឧត្តមសេនីយ៍ តេង សួន បានថ្លែងថា «សូមកងកម្លាំងនគរបានជាតិ រួមទាំងក្រុមគ្រួសារនគរបាលជាតិ សូមធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំក្នុងមូលដ្ឋានរបស់យើង ឲ្យពួកគាត់អញ្ជើញទៅចាក់វ៉ាក់សាំង ការពារកូវិដ១៩ ដើម្បីរួមទប់ស្កាត់ការពារជាមួយរាជរដ្ឋាភិបាល កុំឲ្យមានការរីកដាលឆ្លងចូល ក្នុងសហគន៍ពីកូវិដ១៩នេះ កុំពងបង្កើនហានិភ័យខ្ពស់ មកលើប្រជាជនយើង»

ឧត្តមសេនីយ៍ តេង សួន បានបន្ថែមថា កងកម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ត្រូវចូលរួមចំណែកអនុវត្តន៍ការងារ បម្រើប្រជាពលរដ្ឋ ក្រោមការគ្រប់គ្រងផ្ទាល់ពីលោកស្រីអភិបាលខេត្ត ដែលជាតំណាងរាជរដ្ឋាភិបាល និងក្នុងនាមប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត។

លោកឧត្តមសេនីយ៍ ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុខភាពផ្ទាល់ខ្លួនជាមុន ដើម្បីមានឱកាសធ្វើការបម្រើជាតិ និងប្រជាជន បំផុសឱ្យគ្រួសារ បងប្អូន កូនក្មួយ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងកុំជឿតាមការញុះញ៉ុង ព័ត៌មានមិនពិតមួយចំនួន ដែលផ្សព្វផ្សាយដោយជនអគតិមួយចំនួន ក្នុងន័យបោកប្រាស់ និងបំភ្លៃការពិតថា ការវ៉ាក់សាំងបណ្តាលឱ្យមានគ្រោះថ្នាក់ យ៉ាងនេះយ៉ាងនោះ ការពិតវ៉ាក់សាំងពិតជាមានប្រយោជន៍សម្រាប់យើង វាអាចជួយយើងឱ្យរួចផុតពីការវាយលុកខ្លាំងក្លា ពីជំងឺកូវីដ-១៩ បាន។

លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់ច្បាស់ដល់កងកម្លាំងថា ទោះបីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយក្តី តែត្រូវគោរព និងអនុវត្តន៍ឱ្យបានដាច់ខាតនូវវិធានការសុខាភបាល និងអនុសាសន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ៣ការពារ និង៣កុំ គឺដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើងទាំងមូល ហើយត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ (ការពារប្រសើរជាងព្យាបាល)៕