(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើសារលិខិតជូនពរដល់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ គ.ស២០២១ ដែលនឹងឈានមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានកត់សម្គាល់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិគ្រប់ជំនាញ គ្រប់ជាន់ថ្នាក់ បានតស៊ូពុះពារសម្រេចនូវស្នាដៃធំៗជាច្រើន ក្នុងកិច្ចការសហការថែរក្សាការពារ សន្ដិសុខ ឯករាជ្យ និងអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយបានធ្វើពលីកម្មសព្វបែបយ៉ាងជម្នះគ្រប់ឧបសគ្គ ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានក្រើនរំលឹក និងសំណូមពរយ៉ាងទទូចដល់កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ថែរក្សាសុខភាពផ្ទាល់ខ្លួន និងណែនាំក្រុមគ្រួសារប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ព្រមទាំងវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ និងការពារអាយុជីវិតផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសង្គមជាតិ៕

ខាងក្រោមនេះ ជាសារលិខិតរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ៖