(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានចេញសេចក្តីព្រមានអំពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវក្នុងអំឡុងពេលចូលឆ្នាំខ្មែរនេះ និងបន្តទៅមុខទៀត។

សេចក្តីប្រកាសព័ត៌មានបន្ទាន់របស់ WHO បានលើកឡើងថា ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះ និងបន្តទៅមុខទៀត ខណៈពេលដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងការផ្ទុះរាលដាលដ៏អាក្រក់ ដែលមិនធ្លាប់មានកន្លងមក អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានចេញសេចក្តីព្រមានធ្ងន់ៗមួយថា ពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងខ្លួន អំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីការពារគ្រួសារ និងប្រទេសជាតិរបស់ខ្លួន។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា មានថ្លែងថា «យើងឈរនៅមាត់ជ្រោះ នៃសោកនាដកម្មមួយក្នុងប្រទេស ដែលបង្កឡើងដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។ ទោះជាយើងបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ក៏យើងនៅតែប្រឈមនឹងការលំបាក ក្នុងការគ្រប់គ្រងវីរុសនេះ។ ករណីវិជ្ជមានបន្តកើនឡើងរាល់ថ្ងៃ ហើយយើងកំពុង​ធ្វើការការប្រដេញគ្នាជាមួយមេរោគ។ បើយើងមិនបញ្ឈប់ការផ្ទុះរាតត្បាតឥឡូវនេះទេ ប្រព័ន្ធសុខាភិបាលក្នុងប្រទេសយើង ប្រឈមនឹងបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកជាមហន្តរាយដ៏ធំ»

អង្គការសុខភាពពិភពលោកសូមកោតសរសើរ ចំពោះការសម្រេចចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអន្តរាគមន៍ជាគោលដៅ និងរួម​បញ្ចូល​គ្នានូវវិធានការសុខភាពសាធារណៈ មិនមែនឱសថ ដូចជាការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយ ដើម្បីបញ្ឈប់ការរីករាល​ដាលនៃមេរោគ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានបន្តទៀតថា «យើងយល់យ៉ាងច្បាស់ ចំពោះសារៈសំខាន់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្រាប់ប្រជាជនកម្ពុជា​និងទទួលស្គាល់នូវការដឹកនាំដ៏រឹងមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចចិត្តដ៏លំបាក ក្នុងការរឹតត្បិតការធ្វើដំណើរ។ ការអនុវត្ត​ពេញលេញប្រកប​ដោយប្រសិទ្ធភាព នៃវិធានការសុខភាពសាធារណៈទាំងអស់រួមបញ្ចូលគ្នា មានសារៈសំខាន់ខ្លាំង ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស ហើយពលរដ្ឋម្នាក់ៗ ត្រូវចូលរួមចំណែករបស់ខ្លួនក្នុងការអនុវត្ត»

រយៈពេលពីរសប្តាហ៍កន្លងមកនេះ វីរុសកូវីដ-១៩ បានឆ្លងរាតត្បាតនៅតាមភោជនីយដ្ឋាន ផ្សារនានា អាជីវកម្មតូចៗ និងតាមការជួបជុំ ក៏ដូចជាពិធីជប់​លៀង​ឯកជននានា។ កន្លែងប្រឈមខ្ពស់នឹងការឆ្លងជំងឺគឺជា ទីកន្លែងណាដែលមានមនុស្សច្រើនកកកុញនៅជិតៗគ្នា មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។ កន្លែងទាំងនោះ រួមបញ្ចូលទាំងកន្លែងស្នាក់នៅឯកជន ដែលមិត្តភក្តិ ក្រុមគ្រួសារបងប្អូនតែងតែរៀបចំពិធីជួបជុំ​ក្នុងពេលឈប់សម្រាក។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បន្ថែមថា «ប្រសិនបើលោកអ្នកជួបប្រាស្រ័យ ជាមួយបុគ្គលណាម្នាក់ទៀត ហើយពុំបានអនុវត្តវិធានការការពារ​នោះវីរុស​នៅតែអាចចម្លង ទោះបីជាលោកអ្នកគិតថា លោកអ្នកមិនឆ្លងក៏ដោយ។ នៅក្នុងឆ្នាំថ្មីនេះ សូមកុំធ្វើដំណើរទៅទីណាផ្សេងទៀត ហើយប្រារព្ធពិធីចូលឆ្នាំ​តែជាមួយសមាជិកគ្រួសារ នៅក្នុងផ្ទះរៀងៗខ្លួន របស់លោកអ្នកបានហើយ។ កាអនុវត្តរបៀបនេះ នឹងជួយឲ្យគ្រប់គ្នាមានសុវត្ថិភាព។ ការលះបង់ដ៏សំខាន់​មួយដែលយើងធ្វើឥឡូវនេះ នឹងជួយឲ្យយើងចៀសផុតនូវគ្រោះមហន្តរាយ ក្នុងប្រទេសទាំងមូលនៅពេលក្រោយ។ សូមប្រារព្ធពិធីចូលឆ្នាំថ្មីនៅផ្ទះ! សូមនៅផ្ទះ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។ សូម្បីតែលោកអ្នក ដែលមានឱកាសបានចាក់វ៉ាក់សាំងហើយក៏ដោយក៏ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការការពារកុំឲ្យវីរុសនេះ រីករាលដាលបន្តទៀត»

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានពន្យល់ថា «វ៉ាក់សាំងការពារលោកអ្នកមិនឲ្យឈឺធ្ងន់ធ្ងរ និងមិនចាំបាច់ចូលសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែលោកអ្នកនៅតែអាចឆ្លង ហើយនិងចម្លងជំងឺទៅអ្នកផ្សេងទៀត។ បើទោះជាលោកអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏លោកអ្នកគួរតែបន្តនៅផ្ទះព្រោះផ្ទះជាកន្លែងដែលមានសុវត្ថិភាពបំផុត»

មេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ជាមេរោគឆ្លងលឿន ដែលរហូតមកទល់នឹងពេលនេះ មានឆ្លងនៅក្នុងប្រទេសជាង ១២០នៅទូទាំងពិភពលោក ហើយក៏ត្រូវបានរកឃើញនៅប្រទេសកម្ពុជាផងដែរ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានបន្តថា «ការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាពេលបច្ចុប្បន្ននេះ គឺខុសពីការរាតត្បាត នៃជំងឺនេះ​ក្នុងពេលកន្លងមក។ មេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 គឺងាយឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតជាងមុន ហើយបណ្តាលឲ្យឈឺជំងឺធ្ងន់ធ្ងរ។ ប្រទេសជាច្រើន​ដែលមានប្រព័ន្ធសុខាភិបាលរឹងមាំ ក៏ត្រូវទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរ ដោយសារមេរោគបំប្លែងថ្មីមួយនេះ។ យើងត្រូវតែធានាឲ្យបានថា រឿងដូច្នោះនឹងមិនកើតឡើង នៅ​ប្រទេសកម្ពុជា»

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ក៏បានព្រមានដែរថា សូម្បីប្រជាជនដែលជឿជាក់ថា ខ្លួនឯងមានសុខភាពល្អ ក៏អាចមានផ្ទុកមេរោគកូវីដ-១៩ដែរ។

លោកស្រីវេជ្ជបណ្ឌិត ក្រើនរំលឹកថា «ពាក់កណ្តាលនៃអ្នក ដែលត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅក្នុងការរាតត្បាតនៃជំងឺពេលបច្ចុប្បន្ននេះ មិនមានចេញរោគសញ្ញា ឡើយ។ ដូច្នេះសូម្បីតែអ្នកដែលមិនគិតថាខ្លួនឈឺ ក៏ត្រូវតែថែរក្សាខ្លួន ហើយអនុវត្តវិធានការការពារ ដោយសារពួកគាត់អាចមានផ្ទុកមេរោគ និងចម្លងជំងឺទៅអ្នកដទៃទៀតដោយមិនដឹងខ្លួន»