(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្ននៅក្នុងភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះតទៅ បន្ទាប់ពីភូមិទាំងនេះមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ដែលរកឃើញកាលពីថ្ងៃទី០៩ ខែមេសា កន្លងទៅនេះ។

រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែមេសា បានរកឃើញអ្នកកើតជំងឺកូវីដ១៩មួយករណីទៀត លើប្រជាពលរដ្ឋមកពីខេត្តស្វាយរៀង ឈ្មោះ ចាប នី ភេទស្រី អាយុ៤៦ឆ្នាំ។ អ្នកជំងឺរូបនេះ បានធ្វើដំណើរទៅតាំងជាច្រើនក្នុងក្រុងសៀមរាប ព្រមទាំងភូមិគោកតាចាន់ និងភូមិខ្វៀនផងដែរ។

អាស្រ័យហេតុនេះហើយ ទើបអាជ្ញាធរសម្រេចបិទភូមិនេះជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពជំងឺកូវីដ១៩ ត្រូវបានធូរស្រាល ឬក្រោយពេលរកឃើញថា អ្នកភូមិមិនមានឆ្លងជំងឺកូវីដ១៩។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឬ បានចូលទៅកាន់ផ្សារភូមិភាគបួន និងមន្ទីរសម្រាកព្យាបាល ឆាយ លាង ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥៤៧៤/០៧៧ ៧៨៩០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែលរស់នៅក្នុងភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕