(ពោធិ៍សាត់)៖ អតីតយុទ្ធជន ៦០០គ្រួសារ ដែលខ្វះទីជម្រក និងដីសម្រាប់បង្កបង្កើនផលនោះ បានសម្តែងក្តីរីករាយជាពន់ពេក បន្ទាប់ពីពួកគេទទួលបានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

តាមសំណើររបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ដីប្រមាណ ១.៥ហិកតា ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីសាងសង់ផ្ទះស្នាក់នៅ និងបង្កបង្កើនផល។ បន្ថែមពីលើនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ថវិកា ដើម្បីជួយសាងសង់ផ្ទះជូនដល់ពួកគេ។

បច្ចុប្បន្ននេះសមាគមអតីតយុទ្ធជន និងអាជ្ញាធរខេត្តពោធិ៍សាត់ បានដាក់កម្លាំង និងគ្រឿងចក្រចុះឈូសឆាយពង្រាបដី និងសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការផ្ទាល់របស់សម្តេចតេជោ លើការងារអតីតយុទ្ធជននេះ បានចុះទៅពិនិត្យដោយផ្ទាល់លើការឈូសឆាយដី និងសាងសង់ផ្ទះនេះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ដីភូមិឋាន និងផ្ទះទាំងនេះ គឺទទួលបានការចាត់ចែង និងគិតគូរដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា អតីតយុទ្ធជនដែលនឹងត្រូវទៅរស់នៅតំបន់នោះមានប្រមាណជា ៦០០គ្រួសារ។ ក្នុងមួយគ្រួសារត្រូវបានសម្តេចតេជោ ផ្តល់ដីជារបបគោលនយោបាយទំហំ ១.៥ហិកតា សម្រាប់សាងសង់ផ្ទះ និងបង្កបង្កើនផល។

ដោយឡែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរ៉ាប់រងជួយសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន ដែលជួបការខ្វះខាតទាំងនេះ។ បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងដំណាក់កាលដំបូងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ថវិកាប្រមាណ ៥០ម៉ឺនដុល្លារ សម្រាប់សាងសង់ផ្ទះចំនួន ១៦៤ខ្នង។ បច្ចុប្បន្ននេះផ្ទះចំនួន ២៦ខ្នងត្រូវបានសាងសង់រួចរាល់ ខណៈផ្ទះ ៨៤ខ្នងទៀត នឹងសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែកផ្ទះដែលនៅសល់គ្រោងសាងសង់បញ្ចប់នៅកំលុងខែឧសភា ឬមិថុនាខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងដែរថា ក្រៅពីដំណើរការឈូសឆាយពង្រាបដី និងសាងសង់ផ្ទះហើយនោះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ កំពុងរៀបចំឈូសឆាយធ្វើផ្លូវក្នុងតំបន់នោះ ខណៈខាងក្រសួងអភិវឌ្ឍន៍ជនបទជួយជីកអណ្តូង ដោយ១០ផ្ទះអណ្តូងមួយ ហើយនឹងជួយសាងសង់ផ្លូវតភ្ជាប់ពីផ្លូវជាតិ ចូលទៅកាន់ភូមិឋានរបស់អតីតយុទ្ធជនដែលបង្កើតថ្មីនោះផងដែរ។

បន្ថែមពីលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានបង្កើតឱ្យមានសម្ព័ន្ធមេត្រីភាពរវាងមន្ទីរស្ថាប័ននៅក្នុងខេត្ត ជាមួយភូមិឋានថ្មីរបស់អតីតយុទ្ធជននេះ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍ និងសម្រួលដល់ការរស់នៅរបស់អតីតយុទ្ធជន។ នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម។

ក្នុងដំណើរចុះទៅពិនិត្យការរៀបចំភូមិឋានជូនអតីតយុទ្ធជននេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអតីតយុទ្ធជនទាំងអស់នោះ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងនឹករលឹករបស់សម្តេចតេជោតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹករលឹក និងគិតគូរជានិច្ចចំពោះសុខទុក្ខ ការលំបាក និងការខ្វះខាតរបស់អតីតយុទ្ធជន។ សម្តេចទាំងទ្វេតែងតែនាំរូបលោក និងថ្នាក់ដឹកនាំសមាគម ក៏ដូចជាថ្នាក់ដឹកនាំគ្រប់រាជធានី ខេត្តឱ្យយកចិត្តទុកដាក់ ទំនុកបម្រុង និងដោះស្រាយរាល់បញ្ហា និងការលំបាករបស់គ្រួសារអតីតយុទ្ធជន។

ក្រុមគ្រួសារអតីតយុទ្ធជនដែលធ្លាប់តែជួបការលំបាកក្នុងជីវភាព និងខ្វះផ្ទះសម្បែងសម្រាប់ស្នាក់អាស្រ័យ បានបង្ហាញនូវក្តីរំភើប និងទឹកចិត្តរីករាយឥតឧបមា ចំពោះក្តីមេត្តា ការសណ្តោសប្រណី និងគិតគូរពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹឹទ្ធបណ្ឌិត។

ពួកគេបានបង្ហាញការគោរពស្រឡាញ់ និងការគាំទ្រជានិច្ចចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាទេវតាមានគុណដើរលើដីសម្រាប់ពួកគេ។ ក្នុងឱកាសនោះបងប្អូនអតីតយុទ្ធជន បានស្នើឱ្យបង្កើតជាទីអារាម មណ្ឌលសុខភាព និងសាលារៀនផងដែរ ដើម្បីការគោរប្រណិប័តន៍សាសនា ងាយស្រួលរកសេវាគាំពារសុខភាព និងការរៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋ។

ចំពោះសំណើនេះលោកទេសរដ្ឋមន្ត្រី គន់ គីម បានសន្យាយកគោរពជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិនិត្យ និងសម្រេច។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បន្តក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តពោធិ៍សាត់ ឱ្យយកចិត្តទុកដាក់ និងពន្លឿនការឈូសឆាយដី រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្ទះសម្បែង ដើម្បីអតីតយុទ្ធជនឆាប់បានចូលរស់នៅ និងបង្កបង្កើនផល។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏មិនភ្លេចក្នុងការក្រើនរំលឹកដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ឱ្យចូលរួមថែសុខភាព រួមគ្នាប្រយុទ្ធប្រឆាំងការចម្លង និងឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍សម្តេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ»។ បន្ថែមពីលើនោះ គឺត្រូវទៅចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា៕