(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភំ្នពេញ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានបិទខ្ទប់ រយៈពេល២សប្តាហ៍ឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ជួល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩។

លោក ឃួង ស្រេង បានបញ្ជាក់ថា ប្រជាពលរដ្ឋ កម្មករ កម្មការីនីរោងចក្រ រស់នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានអាជ្ញាធរបង្ខំចិត្ត ឲ្យបិទខ្ទប់ភូមិដ្ឋានដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ នេះ មានប្រមាណ២ម៉ឺនគ្រួសារ ហើយក្នុងចំនួននេះ ត្រូវចែកអំណោយជូនពួកគាត់ជាដំណាក់កាល មិនអាចចែកម្តងទាំងអស់នោះទេ។

ជាក់ស្តែងនៅរសៀលថ្ងៃនេះ អាជ្ញាធរចែកជូនពួកគាត់ចំនួន១,០០០គ្រួសារ ហើយក្នុង១,០០០គ្រួសារនេះ មិនមែនចែក១លើនោះដែរ ដោយត្រូវចែកជា៤លើក មានន័យថា ក្នុងមួយលើកត្រូវចែកត្រឹមតែ២៥០នាក់ប៉ុណ្ណោះ ដោយធ្វើការផ្លាស់ប្តូរគ្នា ដើម្បីរក្សាគម្លាតសុវត្ថិភាព។ ថ្ងៃបន្តបន្ទាប់មកទៀត នឹងបន្តចែកជូនបន្ថែមទៀត គឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់ឃ្លាននោះទេ។

លោក ឃួង ស្រេង បានបន្ដថា ការបិទខ្ទប់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អាជ្ញាធរធ្វើឡើងដោយការបង្ខំចិត្តទេ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ ចំពោះវាជាវិធានដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ដូច្នេះសូមប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ ធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួន១៤ថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់។

លោកក៏បានស្នើសុំផងដែរថា ចំពោះប្រជាពលរដ្ឋដែលត្រូវបិទភូមិដ្ឋាននេះ សូមកុំធ្វើទំនាក់ទំនង ជជែកគ្នាលេង ផឹកស៊ីជុំគ្នា ឬសាកសួរសុខទុក្ខគ្នា ពីផ្ទះមួយទៅផ្ទះមួយឲ្យសោះ ពោលត្រូវរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា។

លោក ឃួង ស្រេង បានបញ្ជាក់ដែរថា អំណោយដែលត្រូវចែកជូននៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ២០កំប៉ុង រួមទាំងថវិកា៣០ម៉ឺនរៀល៕