(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យការបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ជូនដល់លោកតា លោកយាយ ពូ មីង ដែលជាអតីតយុទ្ធជនក្នុងខេត្តសៀមរាប ក្នុងនោះមានចំនួន ៦,៦២០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោកអភិបាលខេត្តសៀមរាប បានកោតសរសើរដល់អតីតយុទ្ធជនទាំងអស់ ដែលមានភាពក្លាហាន និងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការស្ម័គ្រចិត្តមកចាក់វ៉ាក់សាំង ក្នុងថ្ងៃទី១ នៃយុទ្ធនាការនេះ។

តាងនាមអាជ្ញាធរខេត្ត និងអតីយុទ្ធជនទាំងអស់ លោក ទៀ សីហា បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ គន់ គីម និងក្រសួងសុខាភិបាល ដែលតែងតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់កាលៈទេសៈ។

លោកអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ត្រូវបន្តអនុវត្តវិធានការ ៣ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃ ត្រូវគម្លាតបុគ្គល) និង ៣កុំ (កុំនៅបន្ទប់បិទជិត កុំនៅកន្លែងកុះករ កុំនៅប៉ះពាល់គ្នា) ជាដើម៕