(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្តចាត់ឲ្យអាជ្ញាធរបន្ដនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ចំនួន១៣៨៩គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ការចែកអំណោយជូនប្រជាពលរដ្ឋនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ធ្វើឡើងដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ ២យួរ រួមទាំងថវិកា៣០០,០០០ រៀល។

លោកបានបន្ដថា សម្ដេចទាំងទ្វេរ បានយកចិត្តទុកដាក់ណាស់ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសម្រាក ធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ។

ទន្ទឹមនឹងនេះ លោកបានសូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កផងដែរ៕