(សៀមរាប)៖ គ្រួសារក្រីក្រ ចាស់ជរា ជួបការខ្វះខាត ពេលកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ ចំនួន១០គ្រួសារ នៅក្នុងឃុំ កំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង គ្រឿងទេសមួយចំនួន ពីចលនាយុវជនកម្ពុជា(ក្រុម១៥៧) ប្រចាំស្រុកសូទ្រនិគម ក្រោមការដឹកនាំរបស់ លោក ជា ម៉េងហុង ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧) ប្រចាំស្រុកសូទ្រនិគម នារសៀលថ្ងៃទី១១ ខែមេសា។

ពិធីខាងលើធ្វើឡើងក្រោមវត្តមានរបស់លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម ដោយមានការចូលរួម ពីអាជ្ញាធរឃុំ សមាជិកចលនាយុវជនកម្ពុជា(ក្រុម១៥៧) ប្រចាំស្រុក និង សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកផងដែរ។ តាមការបញ្ជាក់របស់លោក ជា ម៉េងហុង ចលនាយុវជនកម្ពុជា(ក្រុម១៥៧) ដែលមានឯកឧត្តម ម៉ឹង ពន្លក ជាប្រធាន ហើយបានធ្វើចលនាមនុស្សធម៌នៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកសូទ្រនិគម ហើយនេះក៏ជាលើកទី៣ផងដែរ ក្នុងការចែកនូវអំណោយជាគ្រឿងឧបភោគបរិភោគ ដល់បងប្អូនគ្រួសារក្រីក្រ ចាស់ជរា ពិការ នៅក្នុងឃុំកំពង់ឃ្លាំងនេះ ក្នុងស្ថានភាពដែលកំពុងជូបនូវ វិបត្តិជំងឺកូវីដ១៩នេះ។

មានប្រសាសន៍សំណេះសំណាល់នោះដែរលោក ម៉ក់ ប្រុស ក៏បានសម្តែងនូវអំណរគុណ ចំពោះចលនាយុវជន កម្ពុជា(ក្រុម១៥៧) ប្រចាំស្រុក ដែលតែងយកចិត្តទុកដាក់ក្នុងការ ចុះជួយដល់បងប្អូនប្រជាពលរដ្ឋជួបនូវការខ្វះខាត់ ក្នុងពេលជូបនូវវិបត្តិកូវិដ១៩ សំខាន់បងប្អូននៅក្នុងឃុំកំពង់ឃ្លាំង ដែលជាឃុំមួយជាប់នៅមាត់បឹងទន្លេសាប ដែលមានប្រជាពលរដ្ឋមានមុខរបរជាអ្នកនេសាទ។ ម៉្យាងទៀតដោយក្នុងរដូវប្រាំងនេះ ធ្វើឲ្យការនេសាទរបស់ពួកគាត់ជួបនូវផលវិបាក ហើយបច្ចុប្បន្ននេះត្រីនៅបឹងទន្លេសាបកាន់តែខ្សត់ខ្សោយទៅ ដែលធ្វើឲ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

ក្នុងនោះដែរលោកអភិបាលស្រុក ក៏បានធ្វើការណែនាំ និង ផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពល រដ្ឋ គឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវិដ១៩ កុំឲ្យមានការឆ្លងជាសហគមន៍ ត្រូវ តែប្រតិបត្តិឲ្យបានជាប្រចាំ នូវវិធានការណ៍របស់សម្តេចនាយករដ្ឋមន្ត្រី ៣កុំ ៣ការពារ និង ពីរចូលរួម ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវភ្លេចខ្លួននោះទេ ពីព្រោះថា កូវីដមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវីដ។

លោកអភិបាលស្រុក សង្កត់ធ្ងន់ផងដែរថា ចំពោះបងប្អូនដែលមានកូន ក្មួយធ្វើការនៅតាមបណ្តារាជធានី ខេត្ត ដែលមានហានីភ័យនៃជំងឺកូវីដ១៩ នៅពេលមកដល់មូលដ្ឋាន អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ត្រូវបញ្ជូនពួកគាត់ឲ្យទៅធ្វើចត្តាឡីស័កនៅតាម មណ្ឌលដែលបានកំណត់ ដើមី្បបង្ការ ទប់ស្កាត់ កុំឲ្យមានការឆ្លងរាលដាលជាសហគមន៍ ហើយដើមី្បសុវត្ថិភាពនៅក្នុង ក្រុមគ្រួសារ ក្នុងមូលដ្ឋានរបស់ខ្លួន សូមបងប្អូនផ្តល់ដំណឹងដល់កូន ក្មួយរបស់ខ្លួន បើនៅទីណាឲ្យរក្សាការពារនៅទីកន្លែងនោះ ទោះបីពួកគាត់វិលមកស្រុកកំណើត ដើមី្បជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរខាងមុខនេះ ក៏មិនបានជួបជុំដែរ ដោយការអនុវត្តទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការហាមឃាត់ការធ្វើដំណើរ និង ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ការហាមឃាត់ក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន៕