(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរំលឹកឡើងថា ការដែលព័ត៌មានភូតកុហក់បែបបំភិតបំភ័យ និងមានភាពរន្ធត់ មួយថ្ងៃពីរម៉ោង រយៈពេលពីរសប្តាហ៍នឹងធ្វើឱ្យមនុស្សមានវិបត្តិផ្លូវចិត្ត ឬកើតជំងឺផ្លូវចិត្ត។

ការក្រើនរំលឹករបស់អ្នកជំនាញសុខភាពសាធារណៈរូបនេះ ធ្វើឡើងស្របពេលនឹងកំណើនព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គមនានា ពាក់ព័ន្ធដំណឹងមរណភាព និងពាក់ព័ន្ធបញ្ហាវ៉ាក់សាំងជាដើម។

ក្នុងពិធីប្រគល់ប្រាក់លើកទឹកចិត្តជូនអ្នកចាក់វ៉ាក់សាំងទី១លាន នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមអនុញ្ញាតជម្រាបជូនក្នុងមួយថ្ងៃប្រសិនបើយើងចំណាយពេលពីរម៉ោង ក្នុងការអាន ឬមើលនូវព័ត៌មានដែលរន្ធត់ ព័ត៌មានដែលមិនពិត ព័ត៌មានប្រឌិតធ្វើឱ្យយើងខ្វាយខ្វល់ ធ្វើឱ្យយើងរន្ធត់ពេក។ បើយើងមើលបែបហ្នឹងក្នុងមួយថ្ងៃយើងមើលពីរម៉ោង ក្នុងរយៈពេលពីរសប្តាហ៍ លោកអ្នកនឹងមានជំងឺផ្លូវចិត្ត។ អាហ្នឹងការសិក្សាគេរកឃើញហើយ»

លោកស្រី បានបញ្ជាក់ដែរថា ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ មានការសិក្សាពីការកើតមាននូវវិបត្តិផ្លូវចិត្តចំពោះជនមួយចំនួន ហើយគេបានរកឃើញថា មូលហេតុនៃវិបត្តិកើតមានពីការមើលព័ត៌មានបែបបំផិតបំភ័យ រន្ធត់ និងតក់ស្លុតនេះផងដែរ។

រដ្ឋលេខាធិការដែលកំពុងទទួលបានការគាំទ្រលើការដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩រូបនេះ បានផ្តល់ជាយោបល់ដល់ប្រជាពលរដ្ឋ ឱ្យអូសរំលង ឬទម្លាក់ចោលនូវព័ត៌មានបែបបំភិតបំភ័យទាំងឡាយ ហើយងាកមកផ្តល់ទំនុកចិត្ត នឹងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ, ជឿជាក់លើក្រសួងសុខាភិបាល មានលោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី និងជឿជាក់លើគ្រប់គ្រូពេទ្យទាំងអស់ ដែលកំពុងធ្វើសកម្មភាពយ៉ាងស្វិតស្វាញ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមអ្នកជំនាញសុខភាពមួយចំនួន ក៏បានលើកឡើងផងដែរ ដើម្បីបន្ថយសម្ពាធផ្លូវចិត្តក្នុងកំលុងពេលនៃវិបត្តិរាតត្បាតជំងឺផ្លូវចិត្តនេះ គឺបានណែនាំឱ្យប្រជាពលរដ្ឋធ្វើអ្វីដែលជាទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន ដូចជាការក្រោកពីដំណេក ឬចូលដំណេកតាមម៉ោងពេលខ្លួនធ្លាប់បានធ្វើមុនពេលកូវីដ១៩ ត្រូវហាត់ប្រាណតាមទម្លាក់ ពេលទំនេរអាចធ្វើកិច្ចការផ្ទះ ចំអិនម្ហូប ឬការងារដែលមិនទាន់បានធ្វើ អានសៀវភៅ ឬទូរស័ព្ទជជែកលេងជាមួយសាច់ញាតិជាដើម៕