(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងថា មនុស្សទាំង៩រូប ដែលកើតជំងឺកូវីដ១៩ ប្រឈមមុខនឹងជាប់ពន្ធនាគារ ១០ឆ្នាំ បើមិនបង្ហាញខ្លួនដល់មន្ត្រីមានសមត្ថកិច្ចទាន់ពេលវេលាទេនោះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះ៖ «អ្នកមានជំងឺហើយ តើអ្នកគេចវេះទៅណាទៀត? អំពើរបស់អ្នកនឹងបំផ្លាញអ្នក គ្រួសារអ្នក និងប្រជាពលរដ្ឋដទៃទៀត! សូមផ្តាំទៅអ្នកទាំង៩រូបដែលជាអ្នកមានផ្ទុកជំងឺកូវីដ-១៩នេះ ចូលបង្ហាញខ្លួនដើម្បីទទួលយកការព្យាបាលជាបន្ទាន់ និងទាន់ពេលវេលា បើពុំនោះទេ អ្នកអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ»

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានធ្វើឡើងដោយសារអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត ក្នុងចំណោមអ្នកជំងឺទាំង៥៦នាក់ ដែលរកឃើញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនោះ បាននិងកំពុងបន្តបាត់ខ្លួននៅឡើយ ហើយអាជ្ញាធររាជធានីភ្នំពេញស្វែងរកមិនទាន់ឃើញនោះទេ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

ជាមួយនឹងវិធានការចំពោះមុខទៅលើបុគ្គលទាំង ៩នាក់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេល៣ថ្ងៃ ឲ្យបុគ្គលទាំង៩នាក់នេះ មកបង្ហាញខ្លួន និងទាក់ទងមកអាជ្ញាធរជាបន្ទាន់ ដើម្បីយកទៅព្យាបាល តែបើក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅតែបន្តគេសវេះទៀត នោះអាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់ រហូតចេញដីកាតាមចាប់ខ្លួនតែម្តង។

សូមជម្រាបថា យោងតាមខ្លឹមសាទណ្ឌកម្ម ក្នុងមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានបញ្ជាក់ថា៖

* បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល។
* បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។

ប៉ុន្តែបើយោងតាមច្បាប់ដដែល ក្នុងមាត្រា១៣ បានចែងពីករណីលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ដោយបញ្ជាក់ថា៖

* ត្រូវលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះបុគ្គលប្រព្រឹត្តបទល្មើស (ទាំងបទគេចវេះពីការធ្វើចត្តាឡីស័ក បទគេចវេះពីការព្យាបាល ឬគេចចេញពីកន្លែងព្យាបាល បទមិនគោរពវិធានការរដ្ឋបាល និងបទរេរាំងដល់ការអនុវត្តវិធានការ) ដែលបានបង្ហាញព័ត៌មានដល់មន្ត្រីសុខាភិបាល និងមន្ត្រីមានសមត្ថកិច្ច ឬបានផ្តល់កិច្ចសហការចាំបាច់នានា ដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា។

* ត្រូវលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ចំពោះក្រុមគ្រួសារនៃបុគ្គល ដែលបានប្រព្រឹត្តបទល្មើស ដែលបានបង្ហាញព័ត៌មានដល់មន្ត្រីសុខាភិបាល និងមន្ត្រីមានសមត្ថកិច្ច ឬបានផ្តល់កិច្ចសហការចាំបាច់នានា ដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា៕