(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានប្ដេជ្ញាពន្លឿនការជួសជុលខឿនជ្រុងនិរតីនៃរួតទី៣ នៃប្រាសាទបាយ័ន្ត ឱ្យរួចរាល់មុនខែវស្សាមកដល់ ខណៈជ្រុងនិរតីនៃរួតទី៣នេះ បានចាប់ផ្តើមជួសជុលតាំងពីខែមករា ដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះសម្រេចបាន ៣០ ភាគរយហើយ។

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាក្រុមការងារជួសជុលរួតទី៣ នៃប្រាសាទបាយ័ន្ត បានឱ្យដឹងថា ការងារជួសជុលនៅប្រាសាទបាយ័ន្តមាន ៤ គម្រោងធំៗ ក្នុងនោះរួមមាន ទី១ ជួសជុលជ្រុងនិរតីរួតទី៣ នៃប្រាសាទបាយ័ន្តបាន ៣០ ភាគរយ, ទី២ ទល់ទ្រផ្តែរហោរជាងដែលពុំមានសរសរពេជ្រសម្រាប់ទ្រលំនឹង ដំបូល និងធ្នឹមរលុះធ្លាក់បាន ៩០ ភាគរយ, ទី៣ រៀបចំបិទភ្ជិតតាមប្រហោងថ្ម និងសម្រួលថ្មរដិបរដុបមិនរាបស្មើបាន ៨០ ភាគរយ និងទី៤ ដំឡើងជណ្តើរគ្រោងដែក ដើម្បីសម្រួលដល់សៀគ្វីទស្សនាប្រាសាទសម្រេចបាន ១០០ ភាគរយហើយ។

អ្នកជំនាញរូបនេះបញ្ជាក់ថា ដោយកៀកនឹងខែវស្សាខិតចូលជិតមកដល់ ដូចនេះ ក្រុមការងារនឹងខិតខំពន្លឿនការរើថ្ម និងរៀបទៅវិញ យ៉ាងយូរឱ្យរួចរាល់នៅខែមិថុនាខាងមុខ។ ដោយឡែក ការជួសជុលកម្រាលអាចបន្តក្នុងរយៈពេលប្រមាណ ៣ ខែបន្តទៀតនឹងបញ្ចប់ទាំងស្រុង។

កញ្ញា លីលីន បានដឹងទៀតថាផលលំបាកចំពោះការងារជួសជុលនេះ គឺទីធ្លាមានភាពតូចចង្អៀត ពិបាកក្នុងការរើថ្ម និងត្រូវការប្រើកម្លាំងពលកម្មមនុស្សទាំងស្រុងក្នុងការរើថ្ម។ ដូច្នេះ ក្រុមការងារបានប្រើបន្ទះកៅស៊ូក្រាលលើកម្រាលថ្មដើម្បីធ្វើដាក់ថ្មដែលរើ ចៀសវាងការប៉ះថ្មនឹងថ្មដោយផ្ទាល់ អាចបណ្តាលឱ្យខូចផ្ទៃថ្ម។ ម្យ៉ាងទៀតបើមានភ្លៀងធ្លាក់ ឬរដូវវស្សាមកដល់ គឺពិបាកក្នុងការជួសជុល។

រចនាសម្ពន្ធខឿននៅរួតទី៣នៃប្រាសាទបាយ័ន្តនេះ រងការខូចខាតដោយសារកត្តាអាកាសធាតុ ដើមឈើ ជាពិសេសកត្តាទឹកបានហូរច្រោះចូលរចនាសម្ពន្ធ ដែលនាំយកល្បាយខ្សាច់ចេញនាំឱ្យមានបញ្ហានៅតាមជ្រុងកែងក្រៀកចេញពីគ្នា ដែលអាចប៉ះពាល់ដល់ខឿនរួតទី៣ និងសំណង់ប្រាសាទទាំងមូលផងដែរ។

សូមបញ្ជាក់ថា គម្រោងជួសជុលនេះជាអនុវត្តផ្ទាល់ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដោយមានការសហការលើបច្ចេកទសរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័ន JASA ប្រទេសជប៉ុន។ បន្ទាប់ពីបញ្ចប់គម្រោងជួសជុលខឿនជ្រុងនិរតីនេះ ក្រុមការងារនឹងបន្តធ្វើការជួសជុលតាមខឿនដែលមានហានិភ័យផ្សេងទៀត និងបន្តសិក្សាជួសជុលទីតាំងផ្សេងៗទៀត ដើម្បីរក្សា និងពង្រឹងរចនាសម្ពន្ធប្រាសាទឱ្យបានរឹងមាំយូរអង្វែង៕