(ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ ក្នុងចំណោម៩នាក់ នៅរាជធានីភ្នំពេញ ដែលអាជ្ញាធរមិនមានអាសយដ្ឋានច្បាស់លាស់ ហើយទាក់ទងមិនបាននោះ នៅពេលសាមីខ្លួនបានទាក់ទងមកអាជ្ញាធរវិញហើយ ដើម្បីទៅយកពួកគាត់មកទទួលការព្យាបាលនៅមន្ទីរពេទ្យ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ ក្នុងចំណោម៩នាក់ បានទាក់ទងតាមរយៈទូរស័ព្ទ Hotline មកអាជ្ញាធរហើយ ដើម្បីទៅទទួលពួកគាត់មកព្យាបាល។

ដូច្នេះអ្នកជំងឺកូវីដ១៩ នៅសល់ចំនួន៥នាក់ទៀត ដែលមិនទាន់ទាក់ទងមកអាជ្ញាធររួមមាន៖

* ទី១៖ឈ្មោះ ប៉ិច សាវី ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ
* ទី២៖ឈ្មោះ សៅ ហ៊ាត ភេទស្រី អាយុ៤០ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ៥៥ ផ្លូវដួងងៀប ខណ្ឌពោធិ៍សែនជ័យ
* ទី៣៖ ឈ្មោះ ង៉ូយ ស៉ីនឿន ភេទស្រី អាយុ៣២ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
* ទី៤៖ ឈ្មោះ ខេម រ៉ា ភេទស្រី អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
* ទី៥៖ ឈ្មោះ ការ ហែមច័ន្ទរ៉ា ភេទស្រី អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រ ឌីន ហាន់ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕

សូមជំរាបថា កាលពីព្រឹកមិញ សាលារាជធានីភ្នំពេញ បានប្រកាសទុកពេល៣ថ្ងៃ ឲ្យបុគ្គលទាំង៩នាក់នេះ មកបង្ហាញខ្លួន និងទាក់ទងមកអាជ្ញាធរជាបន្ទាន់ ដើម្បីយកទៅព្យាបាល តែបើក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅតែបន្តគេសវេសទៀត នោះអាជ្ញាធរនឹងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់ រហូតចេញដីកាតាមចាប់ខ្លួនតែម្តង។

សាលារាជធានីភ្នំពេញ ក៏បានព្រមានដល់បុគ្គលផ្សេងទៀត បើសិនដឹងថាខ្លួនមានវិជ្ជមានកូវីដ១៩ បន្ទាប់អាជ្ញាធរជូនដំណឹង ហើយនៅបន្តដើរហើររហេតរហូតទៀតនោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ផងដែរ។ ដោយឡែកសម្រាប់អ្នកដែលយកសំណាករួច អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវ ឲ្យបន្តធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហាមដាច់ខាតដើរចេញក្រៅ រហូតគ្រប់១៤ថ្ងៃជាមួយលទ្ធផលអវិជ្ជមានកូវីដ១៩។

ជាមួយគ្នានេះលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងថា មនុស្សទាំង៩រូប ដែលកើតជំងឺកូវីដ១៩ ប្រឈមមុខនឹងជាប់ពន្ធនាគារ ១០ឆ្នាំ បើមិនបង្ហាញខ្លួនដល់មន្ត្រីមានសមត្ថកិច្ចទាន់ពេលវេលាទេនោះ៕