(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបដិសេធមិនចុះបញ្ជីយានយន្ត លេខពិសេសផ្ទាល់ខ្លួន «កម្ពុជា 1979.I.7» របស់អ្នកស្នើសុំឈ្មោះ កូវ ស្រ៊ុនឆាយ ដោយបានពិនិត្យឃើញថា មានលក្ខណៈស្រដៀងនឹងលេខដែលធ្លាប់បានចុះបញ្ជីរួច កាលពីឆ្នាំ២០២០ ដោយបានសម្រេចបង្វិលថវិកាជូនអ្នកស្នើសុំវិញ ឫអាចធ្វើការបញ្ជារទិញលេខថ្មីមួយទៀតបាន។

នៅក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យទៀតដឹងថា
ចំពោះលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនចំនួន៣លេខគឺមាន៖ កម្ពុជា 1979.I.7 កម្ពុជា 1979.7.I កម្ពុជា 7.I.1979 របស់អ្នកស្នើសុំឈ្មោះ កូវ ស្រ៊ុនឆាយ គណៈកម្មការ អន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានពិនិត្យឃើញថាមានលក្ខណៈស្រដៀងនឹងលេខដែលធ្លាប់បានចុះបញ្ជីរួច កាលពីឆ្នាំ២០២០ ដែលលេខទាំងនោះ រួមមាន៖ កម្ពុជា 7.1.1979 , កម្ពុជា 1.7.1979 និង កម្ពុជា 1979.7.1 ដែលផ្ទុយនឹងប្រកាសអន្តរក្រសួងស្តីពីការលក់លេខ ចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ព្រមទាំងអាចធ្វើឱ្យងាយនឹងភ័ន្តច្រឡំគ្នាដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្កឱ្យមានការលំបាកដល់មន្ត្រីមានសមត្ថកិច្ច ក្នុងការគ្រប់គ្រង ទិន្នន័យយានយន្ត ក៏ដូចជាអនុវត្តនូវវិធានគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសនានាដែលពាក់ព័ន្ធនឹងយានយន្ត។

គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត សម្រេចមិនអនុញ្ញាតផ្តល់ជូនឡើយ។ ចំពោះថវិកាសរុបចំនួន ១២.៣៧៦.៤០០រៀល នឹងបង្វែរជូន
ទៅគណនីរបស់អ្នកស្នើសុំឈ្មោះ កូវ ស្រ៊ុនឆាយ វិញ។

សូមជម្រាប់ជូនថា យោងតាមប្រកាសអន្តរក្រសួងលេខ ១៤១១ សហវ.ប្រក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត មានសិទ្ធិក្នុងការត្រួតពិនិត្យឡើងវិញនូវរាល់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនទាំងឡាយណាដែល
បានទិញលក់តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ហើយគណៈកម្មការនេះមានសិទ្ធិសម្រេចមិនអនុញ្ញាត ឬបដិសេធ ឬស្នើសុំដកហូតយកមកវិញ ក្នុងករណីដែលពិនិត្យរកឃើញថា លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនទាំងនោះមានពាក់ព័ន្ធនឹងឈ្មោះទីកន្លែងប្រវត្តិសាស្រ្ត ឈ្មោះប្រាសាទ ឈ្មោះរាជធានី ខេត្ត ឈ្មោះក្រសួង ស្ថាប័ន គណបក្សនយោបាយ ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងជនល្បីឈ្មោះ ប៉ុជាលេខដែលមានទម្រង់ធ្វើឱ្យមានការភ័ន្តច្រឡំមានអត្ថន័យ ឬសូរស័ព្ទដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងមិនបានកំណត់ច្បាស់នៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មពីមុនមក៕

ខាងក្រោយនេះសេចក្តីជូនព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖