(ភ្នំពេញ)៖ នាយកអង្គការសុខភាពពិភពលោក ( WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Takeshi Kasai បានសម្តែងការគាំទ្រមុតមាំចំពោះការសម្រេចចិត្តដ៏លំបាករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចបិទការធ្វើដំណើរឆ្លងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោក បានមើលឃើញថា ការបិទចរាចរណ៍ឆ្លងខេត្ត គឺជាវិធានការចាំបាច់ក្នុងការរាំងខ្ទប់ការចម្លងជំងឺកូវីដ១៩។

ការគាំទ្ររបស់នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករូបនេះ បានស្តែងឡើងតាមរយៈលិខិតមួយច្បាប់ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅ។

លិខិតដែល Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា លោក Takeshi Kasai បានលើកឡើងថា បុណ្យចូលឆ្នាំខ្មែរ គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយ នៅក្នុងវប្បធម៌ខ្មែរដែលជាឱកាសមួយនាំឱ្យគ្រួសារបានជួបជុំគ្នា ហើយធ្វើការឆ្លុះបញ្ចាំងពីឆ្នាំចាស់ដែលបានកន្លងផុតទៅ ក៏ដូចជាអបអរក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា សម្រាប់ឆ្នាំថ្មីខាងមុខ។ តែទោះជាយ៉ាងណាក៏ដោយ ដូចដែលបានឃើញកើតឡើងនៅបណ្តាប្រទេសដទៃទៀត ការប្រារព្ធពិធីបែបនេះ មានហានិភ័យខ្ពស់ក្នុងការចម្លងវីរុសនៅទូទាំងប្រទេស។ ហានិភ័យ គឺកាន់តែធ្ងន់ធ្ងរទៅទៀត នៅពេលដែលមានវត្តមាន និងចរាចររបស់វីរុសបំប្លែងថ្មី B.1.1.7។

លោក Takeshi Kasai បានកោតសរសើរចំពោះការសម្រេចចិត្តរបស់សម្តេចតេជោ ដែលជាវិធានការគន្លឹះមួយ សម្រាប់កាត់បន្ថយហានិភ័យ និងការពារប្រទេសកម្ពុជា ពីការរាតត្បាតជំងឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករូបនេះ បានគូសបញ្ជាក់ដូច្នេះ «អង្គការសុខភាពពិភពលោក សូមធ្វើការកោតសរសើរចំពោះការធ្វើសេចក្តីសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ របស់សម្ដេចដោយផ្អែកលើការវាយតម្លៃអំពីហានិភ័យ នៅក្នុងការរឹតបន្ដឹងការធ្វើចរាចរណ៍ឆ្លងរាជធានី-ខេត្ត។ នោះគឺជាវិធានការគន្លឹះមួយក្នុងការកាត់បន្ថយហានិភ័យ និងការពារប្រទេសកម្ពុជា។ វិធានការមួយនេះ រួមជាមួយនឹងវិធានការសុខភាពសាធារណៈដទៃទៀត នឹងមានតួនាទីសំខាន់នៅក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី»

លោក Takeshi Kasai បានលើកឡើងថា ការសម្រេចិត្តនេះ មិនមែនជាសេចក្តីសម្រេចចិត្តងាយស្រួលនោះទេ។ ជាធម្មតាប្រជាជននៅទូទាំងពិភពលោករួមទាំងនៅកម្ពុជាផង គឺតែងតែនឿយណាយនឹងការរឹតបន្ដឹងនានា។ តែគួរឱ្យស្ដាយការតស៊ូដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះនឹងបន្តហួសពីពិធីបុណ្យចូលឆ្នាំខ្មែរទៅទៀត។ ជាការពិតប្រហែលជាអាចមានសេចក្តីសម្រេចចិត្តដ៏លំបាកជាច្រើនទៀត ដែលត្រូវធ្វើនៅក្នុងរយៈពេលប៉ុន្មានខែទៅមុខទៀត ដើម្បីបញ្ឈប់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩នេះ ប្រកបដោយប្រសិទ្ធភាព។

លោកបានគូសរំឡេចថា អំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រទេសជាច្រើនបានប្រឈមនឹងពេលវេលាដ៏លំបាកដូច្នេះ ហើយមានតែការដឹកនាំ និងលទ្ធភាពនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តដ៏លំបាកនោះទេ ដែលបានផ្តល់ជាមគ្គុទេសក៏ដល់ប្រទេសទាំងនោះ ឱ្យឆ្លងផុតពេលវេលាដ៏លំបាកទាំងនោះបាន។

បើទោះបីជាយ៉ាងណា លោក Takeshi Kasai បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់មួយ ដើម្បីចូលរួមជម្នះការលំបាក និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយកម្ពុជា។ លោកបានបញ្ជាក់ដូច្នេះ «កម្ពុជាមិនប្រឈមនឹងការលំបាកនេះតែម្នាក់ឯងនោះទេ អង្គការសុខភាពពិភពលោក ឈរនៅជាមួយកម្ពុជាជានិច្ច ហើយនឹងបន្តផ្តល់ការគាំទ្រផ្នែកគោលនយោបាយ បច្ចេកទេស និង ប្រតិបត្តិការដល់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា»

នៅក្នុងលិខិតនេះ ក្រៅតែពីការរំលែកនូវការលំបាក និងបង្ហាញការប្តេជ្ញាចិត្តប្រយុទ្ធជំងឺកូវីដ១៩ជាមួយកម្ពុជាហើយនោះ លោក Takeshi Kasai បានសម្តែងនូវការគោរពសរសើរដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ជាការឆ្លើយតបទៅនឹងការរាតត្បាតនៃ ជំងឺកូវីដ-១៩។

លោកបានគូសបញ្ជាក់ពីការដឹកនាំដ៏ខ្លាំងក្លា និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ក្នុងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងក្នុងការគ្រប់គ្រងព្រឹត្តិការនានារួមទាំងព្រឹត្តិការណ៍ Westerdam ផងដែរ។ លោកបានលើកឡើងថា កាយវិការទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការពង្រឹងលទ្ធភាពរបស់ប្រទេសកម្ពុជា ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កម្រិតសហគមន៍ទ្រង់ទ្រាយធំ។ ការគ្រប់គ្រងវិបត្តិបានឆាប់រហ័ស និងការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្តេចផ្ទាល់ និងក្រសួងសុខាភិបាល បាននាំទៅដល់ការបញ្ឈប់បានឆាប់យ៉ាងរហ័សនូវ ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កាលពីឆ្នាំកន្លងទៅ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី០៧ ខែមេសា កន្លងទៅនេះ បានសម្រេចផ្អាកការធ្វើដំណើរឆ្លងខេត្តរយៈពេល ១៤ថ្ងៃ។ វិធានការនេះ ត្រូវបានរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ធ្វើឡើងដើម្បីកាត់ផ្តាច់ និងរាំងខ្ទប់ការរីករាលដាលជំងឺកូវីដ១៩៕