(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការចូលរួមទប់ស្កាត់ ការរីករាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងសេចក្តីណែនាំនេះ ក្រសួងបានបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ មេសា ឆ្នាំ២០២១ ទាក់ទងនឹងស្ថានការណ៍ប្រែប្រួលឆាប់រហ័ស នៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងមុខងារសាធារណៈ សូមធ្វើការណែនាំដូចខាងក្រោម៖

១៖ អគ្គនាយក អគ្គាធិការ ប្រធានអង្គភាពនានា ក្រោមឱវាទក្រសួងមុខងារសាធារណៈ ត្រូវគ្រប់គ្រង តាមដាន និងរាយការណ៍ជាប្រចាំ ពីស្ថានភាពជាក់ស្តែងពាក់ព័ន្ធដល់បញ្ហាសុខភាព សុវត្ថិភាពប្រចាំថ្ងៃ របស់មន្ត្រីរាជការ ក្រោមឱវាទទាំងក្នុង និងក្រៅម៉ោងបំពេញការងារ។

២៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ត្រូវរួមសាមគ្គីគ្នាបន្តចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំ ដើម្បីសុវត្ថិភាពយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។

៣៖ អនុវត្តតាមអនុក្រឹត្យលេខ ៦៦ អនក្រ.បក ស្តីពីកាតព្វកិច្ចក្នុងការតព្វកិច្ច ក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រធានអង្គភាពនីមួយៗ ត្រូវរៀបចំឲ្យមន្ត្រីរាជការ ក្រោមឱវាទទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំង ទៅទទួលវ៉ាក់សាំង តាមការរៀបចំរបស់អនុគណៈកម្មការ ចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងមុខងារសាធារណៈ ឲ្យបានរួសរាន់៕

ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ៖