(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារជូនពរដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេសកម្ពុជា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ។

ក្នុងសារជូនពរដែលអង្គភាពព័ត៌មាន Fresh News ទទួលបានសម្តេចក្រឡាហោម បានឱ្យដឹងយ៉ាងដូច្នេះថា៖ «តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមជាមួយកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ទូទាំងព្រះរាជាណាចក្រកម្ពុជា អបអរសាទរទទួលស្វាគមន៍ឆ្នាំថ្មី និងសូមសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងអស់ពីកម្លាំងកាយ និងបញ្ញាញាណក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនដោយស្មោះស្ម័គ្រ ប្រកបដោយឆន្ទៈដ៏មោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវៈដោយបាននាំមកនូវជោគជ័យ និងសមិទ្ធផលផ្លែផ្កាជាច្រើននាឆ្នាំកន្លងទៅ ក្នុងបុព្វហេតុចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម»

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង សូមវាយតម្លៃខ្ពស់ចំពោះការរួមចំណែកមិនអាចខ្វះបានពីសំណាក់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ដែលដើរតួនាទីជាកម្លាំងចលករ ដ៏មានសារៈសំខាន់ក្នុងការផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់កម្ពុជា ដើម្បីបន្តបោះជំហានលើមាគ៌ានយោបាយជាតិរបស់ខ្លួន ក្នុងដំណើរការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការវិវឌ្ឍជាលំដាប់ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។

ជាមួយនឹងការកោតសរសើរចំពោះស្នាដៃ និងសមិទ្ធផលខាងលើនេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា៖ «ខ្ញុំក៏សូមអំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ និងចលនាប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានឱ្យចូលរួមអនុវត្តបានខ្ជាប់ខ្លួនតាមការណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីយកឈ្នះលើជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ មកលើសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវបង្កើនស្មារតីម្ចាស់ការខ្ពស់ និងត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តបទបញ្ជា ក៏ដូចជាគោលការណ៍ណែនាំដទៃទៀតរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃឱ្យ ទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅរួមចំណែកលើកស្ទួយសេដ្ឋកិច្ចសុខុមាលភាពសង្គម និងប្រជាពលរដ្ន នៅក្រោយការផុតរលត់នៃជំងឺរាតត្បាតនេះ ព្រមទាំងរួមសហការគ្នាបង្កើតសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន នៅបណ្តាឆ្នាំខាងមុខ»

ខាងក្រោមនេះ ជាសារលិខិតជូនពររបស់សម្តេចក្រឡាហោម ស ខេង៖