(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Wordbridge Group ដែលជាក្រុមហ៊ុនល្បីល្បាញលើការអភិវឌ្ឍន៍ គម្រោងអចលនទ្រព្យធំៗ នៅកម្ពុជា បានបង្ហាញអំពីឱកាស និងស្ថិរភាពនៃការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ក្នុងបរិបទនៃជំងឺកូវីដ១៩។

អ្នកឧកញ៉ា សៀ ឫទ្ធី បានឲ្យដឹងថា ទោះបីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្ដី ប៉ុន្ដែការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅកម្ពុជា មិនមានគម្រោងណាមួយ ផ្អាកដំណើរការឡើយ គម្រោងធំៗជាច្រើនបន្ដដំណើរការល្អប្រសើរ ប៉ុន្ដែក៏មានគម្រោងតូចៗ ជាលក្ខណៈគ្រួសារផ្អាកដំណើរការមួយចំនួន។

លោកបានបន្ថែមថា ការបន្ដភាពល្អប្រសើរនៃដំណើរការ នៃវិស័យអចលនទ្រព្យនេះ ដោយសារតែអ្នកវិនិយោគមើលឃើញ អំពីឱកាសនៃការវិនិយោគថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ ក៏វិស័យអចលទ្រព្យនៅតែមានចរន្ដ។

ការឲ្យដឹងរបស់អ្នកឧកញ៉ា សៀ ឫទ្ធី ធ្វើឡើងក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News ក្រោមប្រធានបទស្ដីពី «ឱកាសវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ១៩»។

លោកបញ្ជាក់ថា «វិស័យអចលនទ្រព្យ ជាវិស័យដែលមានអ្នកចាប់អារម្មណ៍ច្រើន ជាក់ស្ដែងមួយរយៈចុងក្រោយនេះប្រជាជនកម្ពុជា សម្រុករកស៊ីច្រើន លើវិស័យអចលនទ្រព្យ ម្នាក់ៗយល់ដឹងច្រើនអំពីវិស័យនេះ។ ពេលជួបវិបត្តិកូវីដ១៩ ម្នាក់ៗនាំគ្នាផ្អាកវិនិយោគលើវិស័យផ្សេង ប៉ុន្ដែបន្ដវិនិយោគលើវិស័យអចលនទ្រព្យ ចំណែកឯអ្នកខ្លះទៀតបម្រុងវិនិយោគលើវិស័យផ្សេង ប៉ុន្ដែពេលផ្ទុះជំងឺកូវីដ១៩ បានងាកមកវិនិយោគ លើវិស័យអចលនទ្រព្យវិញ ដោយផ្អែកលើហេតុផលថា ផលប៉ះពាល់លើវិស័យអចលនទ្រព្យ មានក្នុងកម្រិតមួយ ដែលមិនទាន់ប្រកាសអាសន្ននោះទេ ក្នុងពេលមានវិបត្តិកូវីដ១៩នេះ»

លោកបន្ថែមថា សម្រាប់អចលនទ្រព្យដែលមានតម្លៃទាប និងមធ្យម នៅតែមានទីផ្សារល្អ លើកលែងតែអចលនទ្រព្យ ដែលមានតម្លៃថ្លៃ ទើបអាចនៅនឹង។

អ្នកឧកញ៉ាបញ្ជាក់ថា ប្រសិនបើកម្ពុជា នៅតែអនុវត្តន៍គោលនយោបាយបែបទីផ្សារសេរី ឬផ្ញើលុយចូល និងចេញដោយមិនរឹតត្បិត នោះវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែរក្សាបានស្ថិរភាព និងមានកំណើននៅក្រោយកូវីដ១៩៕