(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិក និវាសដ្ឋានបេសកកម្ម ប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ-១៩។ នេះតាម Facebook Page របស់ ADB ប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

ADB ប្រចាំកម្ពុជា បានសរសេរយ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំ និងបុគ្គលិក និវាសដ្ឋាន បេសកកម្ម ប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការផ្តល់ការចាក់វ៉ាក់សាំង! យើងទាំងអស់គ្នា នឹងឆ្លងផុតពីការលំបាកនេះជាមួយគ្នា!»។

គិតត្រឹមយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសសរុបចំនួន ១,០១៨,៦០៥នាក់។

ក្នុងរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគឺបញ្ជាក់ថា៖

* ក្រសួងសុខាភិបាល ចាក់បានចំនួន៖ ៧៧៩,៨២៦នាក់។
* ក្រសួងការពារជាតិ ចាក់បានចំនួន៖ ២៣៨,៧៧៩នាក់
* សរុបចំនួន៖ ១,០១៨,៦០៥នាក់ (គិតត្រឹមថ្ងៃអាទិត្យ)៕