(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៉ីវិល និងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងក្រុមអាទិភាព ជាច្រើនថ្ងៃមកហើយ។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ធ្វើឡើងបន្ទាប់ពីកម្ពុជាមានវ៉ាក់សាំង ៣ប្រភេទ រួមមាន៖ ស៉ីណូហ្វាម ដែលជាអំណោយមហាមិត្តចិន ចំនួន ១លាន៣សែនដូស, អាស្ត្រាហ្សេណេកា ដែលទទួលបានពីអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ ចំនួន ៣២៤,០០០ដូស និងស៉ីណូវ៉ាក់របស់ចិន ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិន ចំនួន ១លាន៥សែនដូស។

កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៉ីវិល និងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងក្រុមអាទិភាព បានស្ម័គ្រចិត្តយ៉ាងភ្លូកទឹកភ្លូកដីទៅទទួលយកវ៉ាក់សាំង ក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ចាត់កូវីដ១៩។ ប្រការនេះហើយធ្វើឲ្យអ្នកទៅទទួលវ៉ាក់សាំងកើនដល់ជាង១លាននាក់ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

សម្រាប់ប្រជាពលរដ្ឋដែលមិនទាន់មានអាទិភាពទទួលវ៉ាក់សាំង បានបង្ហាញពីបំណងចង់ទទួលវ៉ាក់សាំងដោយការស្ម័គ្រចិត្តយ៉ាងអន្ទះសារ។ ជាក់ស្តែងនៅលើ Facebook របស់ក្រសួងសុខាភិបាល ពួកគាត់បានចូលទៅ Comment យ៉ាងព្រោងព្រាត។

Fresh News សូមដកស្រង់ Comment មួយចំនួនប៉ុណ្ណោះ ដើម្បីបង្ហាញប្រជាពលរដ្ឋ ដែលមានបំណងទទួលវ៉ាក់សាំង ប៉ុន្តែពួកគាត់មិនទាន់ដល់វេនទទួល ដូចខាងក្រោម៖

* Facebook ឈ្មោះ Panha Grace បានសរសេរថា «ខ្ញុំចង់ចាក់ដែរ តើត្រូវធ្វើយ៉ាងដូចម្តេច? ឬមួយគ្រាន់តែទៅដោយបង្ហាញអត្តសញ្ញាណបណ្ណ នៅទីតាំងទទួលវ៉ាក់សាំង?»

* Facebook ឈ្មោះ Amm Oun Ouk បានសរសេរថា «ម្សិលមិញទៅសួរគេ នៅមណ្ឌលសុខភាព ព្រោះចង់ចាក់ តែគេថាចាក់មន្ត្រីរាជការមុន ហើយរាស្ត្រគេចាក់អាទិត្យក្រោយ។ អញ្ចឹងស្អែកបានចាក់នឹងគេហើយ»

* Facebook ឈ្មោះ Ly Hov បានសរសេរថា «ខ្ញុំចុះឈ្មោះតាមអនឡាញឡើងយូរហើយ តែមិនទាន់ឃើញគេហៅទៅចាក់ផង»

* Facebook ឈ្មោះ Kong Channy បានសរសេរថា «ខ្ញុំមិនចង់បានរង្វាន់អ្វីទេ តែចង់ចាក់វ៉ាក់សាំងមិនដឹងចាក់តាមណា។ បើបងប្អូនណានាំទៅចាក់ ខ្ញុំនឹងទៅចាក់ភ្លាម»

* Facebook ឈ្មោះ Pich Pich Leko បានសរសេរថា «ខ្ញុំស្ម័គ្រចិត្តចាក់តាំងពីវ៉ាក់សាំងមិនទាន់មកដល់ តែមិនដឹងចាក់នៅឯណា។ ខំសួរដល់ពេទ្យផង សង្កាត់ផង និងចុះឈ្មោះនៅភូមិហើយ មិនទាន់បានចាក់ផង»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ១០លាននាក់ ដោយមិនគិតថ្លៃ ហើយសូម្បីតែជនបរទេស ដែលរស់នៅកម្ពុជាស្របច្បាប់ ក៏ទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃផងដែរ។

យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន, នៅឆ្នាំ២០២១នេះ វ៉ាក់សាំងជាច្រើនលានដូសទៀត នឹងមកដល់ប្រទេសកម្ពុជា ដោយវ៉ាក់សាំង ៥០ម៉ឺនដូស មកដល់ខែមេសា, ១លាន ៥សែនដូស មកដល់ខែឧសភា, ៣លានដូស មកដល់ខែមិថុនា, ២លានដូស មកដល់ខែកក្កដា និង ១លានដូស មកដល់ខែសីហា។

ការយកចិត្តទុកដាក់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់ និងថ្លែងសារអរគុណសម្តេចផងដែរ។ ជាក់ស្តែងក្នុងកិច្ចសម្ភាសជាមួយ Fresh News នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋបានចាត់ទុកថា សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជារដ្ឋបុរសមួយរូប ដែលធ្វើគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជាតិ។

លោកស្រី លាន ពៅ បានឲ្យដឹងថា លោកស្រីបានចាក់វ៉ាក់សាំងកូវីដ១៩ លើកទី១រួចហើយ។ លោកស្រីអះអាងថា ដំបូងភ័យខ្លាចបន្តិចក្នុងការទៅទទួលយកវ៉ាក់សាំង ដោយសារគាត់មានជំងឺប្រចាំកាយជាច្រើន ដូចជាលើសឈាម និងទឹកនោមផ្អែមជាដើម ប៉ុន្តែក្រោយមានការពិគ្រោះជាមួយគ្រូពេទ្យ ជំងឺទាំងនោះមិនមែនជាឧបសគ្គ ក្នុងការទទួលបានវ៉ាក់សាំងឡើយ។

លោកស្រី លាន ពៅ បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយចាក់វ៉ាក់សាំងហើយមិនមានបញ្ហាអ្វីទេ។ ខ្ញុំសូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ»

បុរសម្នាក់ទៀតដែលក្បែរលោកស្រី លាន ពៅ បានថ្លែងថា ការចាក់វ៉ាក់សាំងមិនត្រូវតែការពារខ្លួនពីកូវីដ១៩ទេ ថែមទាំងអាចការពារគ្រួសារបានថែមទៀត។ លោកបន្តថា លោកបានចាក់វ៉ាក់សាំងកូវីដ១៩ ទាំង២លើករួចរាល់ហើយ ប៉ុន្តែលោកនៅតែបន្តអនុវត្តវិធានការសុខាភិបាល ពីសេសវិធានការ ៣កុំ និង៣ការពារ។

បុរសរូបនេះបានបង្ហាញពីការគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាក់យ៉ាងខ្លីយ៉ាងដូច្នេះថា៖ «តាំងពីដើមមកខ្ញុំស្រឡាញ់សម្តេច»។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសសរុបចំនួន ១,០១៨,៦០៥នាក់ ខណៈជនស្ថិតលើលេខរៀងទី ១លាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ ហើយមនុស្សដំបូងគេបំផុតដែលទទួលវ៉ាក់សាំងគឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ។

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅលើបណ្តាញ Twitter ក៏បានថ្លែងសារអបអរសាទរចំពោះកម្ពុជា ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាជនបានជាង ១លាននាក់។ លោកស្រីចាត់ទុកថា នេះជាការជោគជ័យមួយដ៏ធំធេងបំផុត ព្រោះក្នុងពេលខ្លីតែកម្ពុជាធ្វើបានយ៉ាងឆាប់រហ័ស៕