(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងពង្រឹងអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដោយក្នុងនោះ អ្នកល្មើសប្រឈមនឹងការពិន័យខ្ពស់បំផុត ១លានរៀល និង៥លានរៀល។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ។

សេចក្តីជូនដំណឹងនេះបញ្ជាក់ថា ខេត្តព្រះសីហនុត្រូវបានក្រសួងសុខាភិបាលកំណត់ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ ០៨១ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

កន្លងមករដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង សេចក្តីអំពាវនាវជាបន្តបន្ទាប់អំពីការពង្រឹងអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រជាពលរដ្ឋភាគច្រើនលើសលុបបានអនុវត្តការរស់នៅតាមបែបគន្លងថ្មីស្របតាមការណែនាំ ប៉ុន្តែរដ្ឋបាលខេត្តបានសង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់អនុវត្តបានត្រឹមត្រូវតាមការណែនាំនៅឡើយ។

សេចក្តីជូនដំណឹងដដែលសង្កត់ធ្ងន់ៗដូច្នេះថា៖ «រដ្ឋបាលខេត្តំព្រះសីហនុ នឹងពង្រឹងការតាមដានចំពោះការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុទាំងមូល។ ក្នុងករណីរកឃើញថាមានបុគ្គលល្មើសនឹងកាតព្វកិច្ចទាំងពីរខាងលើនេះ រដ្ឋបាលខេត្ត នឹងចាត់វ័ធានការពិន័យយ៉ាងតឹងរ៉ឹងទៅតាមច្បាប់»

យោងតាមអនុក្រឹត្យលេខ ៣៧ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ១៩ បានកំណត់ថា «ត្រូវពិន័យ អន្តរការណ៍ពី ២០០.០០០រៀល ទៅ ១.០០០.០០០រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០រៀល ទៅ ៥.០០០.០០០ រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព»

ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួនឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងប្រជាពលរដ្ឋទាំងអស់នៅខេត្តព្រះសីហនុ នឹងចូលរួមសហការអនុវត្តវិធានការសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានខ្ជាប់ខ្លួន និងត្រឹមត្រូវទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕