(ភ្នំពេញ)៖ លោកបណ្ឌិត សួន រិនឌី អ្នកតំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ សមាជិកគណៈកម្មាការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពជា បានអំពាវនាវដល់អាជ្ញាធរ ព្រះសង្ឃគ្រប់អង្គនៅតាមទីវត្តអារាមនានា និងប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ បន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងអនុវត្តតាមអនុសាសន៍ ៣ការពារ និង ៣កុំ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែណែនាំជារឿយៗនោះ។

ការអំពាវនាវខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត សួន រិនឌី រួមទាំងលោកសមូហកបណ្ឌិត ឡី សុភាព នាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនកម្ពជា លោក ហ៊ុល រឿន នាយករងប្រតិបត្តិ បានដឹកនាំសហការីនៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ចុះសំណេះសំណាលជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ និងព្រះចៅអធិការវត្តចាក់អង្រែលើ ខណ្ឌមានជ័យ នៅចុងសប្ដាហ៍មុន ដើម្បីពង្រឹងការអនុវត្តវិធានសុខាភិបាល មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។

ក្នុងពិធីសំណេះសំណាលនោះដែរ អ្នកតំណាងរាស្ត្រ សួន រិនឌី បានសំណូមពរឲ្យមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងឧបាសក-ឧបាសិកា ឱ្យចូលរួមជាមួយក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីត១៩ ឲ្យបានជោគជ័យ ដោយត្រូវចូលរួមចាក់វ៉ាក់សាំង និងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣កុំ ៣ការពារ។

សូមបញ្ជាក់ថា នាឱកាសសំណេះសំណាលនោះ ក៏មានការឧបត្ថម្ភ និងប្រគេនទយ្យទាន សម្ភារៈ និងថវិកាមួយចំនួនដល់អាជ្ញាធរ និងព្រះចៅអធិការវត្តផងដែរ៕