(សៀមរាប)៖ ក្រុមការងារបច្ចេកទេសទី៣ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី និងម្ចាស់ដីជាប់ព្រំបុរាណដ្ឋាន បានចុះបោះបង្គោលព្រំទីតាំងបុរាណដ្ឋានចំនួនពីរទីតាំងដោយជោគជ័យគឺ បុរាណដ្ឋានទួលគោកគ្រឹះ និងបុរាណដ្ឋានត្រពាំងឈូក ដែលមានទីតាំងស្ថិតនៅភូមិប្រិយ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការបោះបង្គោលព្រំការពារបុរាណដ្ឋានទាំងនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ គឺដើម្បីជាប្រយោជន៍ក្នុងការកំណត់ព្រំដីបុរាណដ្ឋានត្រូវការពារឱ្យបានត្រឹមត្រូវ ជៀសវាងការកាន់កាប់ដីបុរាណដ្ឋានដោយខុសច្បាប់ពីសំណាក់ឈ្មួញទិញលក់ដីធ្លី និងដើម្បីបង្ហាញប្រាប់ដល់ប្រជាពលរដ្ឋ ក៏ដូចសាធារណជនទូទៅឱ្យងាយស្រួលកត់សម្គាល់ទីតាំងបុរាណដ្ឋាន ដែលរួមមាន តួប្រាសាទ ស្រះទឹក និងរចនាសម្ពន្ធនៃសំណង់បុរាណដ្ឋាន កុំឱ្យមានការរំលោភបំពានគ្រប់រូបភាព និងដើម្បីងាយស្រួលរៀបចំបុរាណដ្ឋានទាំងនេះឱ្យបានល្អប្រសើរឡើងវិញ។

គួរបញ្ជាក់ទៀតថា សកម្មភាពចុះបោះបង្គោលព្រំទីតាំងបុរាណដ្ឋាននេះ ក្រុមការងារនឹងបន្តធ្វើជាបន្តបន្ទាប់ទៀតនៅទីតាំងផ្សេងៗទៀតតាមផែនការដែលបានកំណត់៕